ដោយៈ រ៉ាណេត
កណ្តាលៈ នៅក្នុងរយៈពេល៣សប្ដាហ៍នៃខែធ្នូ ចុងឆ្នាំ២០២០កន្លងទៅនេះ ខេត្តកណ្តាល ទទួលបានគម្រោងវិនិយោគបន្ថែម ពីលើគម្រោងចាស់ដែលមានស្រាប់ចំនួន ៤គម្រោង ដែលមានទំហំទុនសរុបជាង ១១៥លានដុល្លារ និងបង្កើតឱកាសការងារជាង ២៣០០នាក់។

បន្ទាប់ពីបានពិនិត្យ ទៅលើសំណើរបស់ក្រុមហ៊ុនចំនួន៤ លើការវិនិយោគនៅក្នុងស្រុកចំនួន២ នៃខេត្តកណ្តាល រួមមានស្រុកខ្សាច់កណ្តាល និងស្រុកកៀនស្វាយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការវិនិយោគក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចគាំទ្រ និងអនុម័តចុះបញ្ជីជាផ្លូវការដោយក្រុមហ៊ុនទាំងនោះរួមមាន ទី១- ក្រុមហ៊ុន SINOKH PERFECT GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៣កន្លែង។
ទី២ ក្រុមហ៊ុន SING FU SUN (CAMBODIA) PLASTIC CO., LTD គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (Preform, Cap, Bottle) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគ១១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥២កន្លែង។
ទី៣- ក្រុមហ៊ុន RUIZEXING CHEMICAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២០,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៤កន្លែង។

ទី៤- ក្រុមហ៊ុន INTER-MATTRID BEVERAGE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគចំនួន ៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥០កន្លែង៕






