ដោយ ៖ វុទ្ធី
អន្តរជាតិ ៖ ក្រសួងហិរញ្ញវត្ថុជប៉ុន បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ គណៈរដ្ឋមន្រ្តីជប៉ុនបានអនុម័តសេចក្តីព្រាងថវិកាចំនួន១,០៣ ទ្រីលានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២១ ខណៈដែលការឆ្លងមេរោគ និងការចំណាយផ្សេងៗបានដាក់សម្ពាធលើហិរញ្ញវត្ថុសាធារណៈ។

កញ្ចប់ថវិកាប្រចាំឆ្នាំចំនួន១០៦,៦ ទ្រីលានយ៉េន (១,០៣ទ្រីលានដុល្លារ) នេះ បានកើនឡើង៤ភាគរយនៅឆ្នាំនេះ និងកើនឡើងរយៈពេល៩ខែជាប់គ្នា ដោយបំណុលថ្មីមានទំហំទឹកប្រាក់៤៣,៦ទ្រីលានយ៉េន កើន ៤០,៩ ភាគរយនៃប្រាក់ចំណូល។
អ្នកនយោបាយនៅទូទាំងពិភពលោកបានបញ្ចេញសកម្មភាពជំរុញរូបិយវត្ថុ និងសារពើពន្ធ ដើម្បីទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ចដ៏ជ្រៅ និងអូសបន្លាយពេល ដែលជំងឺរាតត្បាតធ្វើឱ្យមានការបិទព្រំដែនអន្តរជាតិ ហើយ មនុស្សជាច្រើនបានបាត់បង់ការងារ។

នៅប្រទេសជប៉ុន កំណែទម្រង់សារពើពន្ធត្រូវបានទុកចោលមួយរយៈ ខណៈដែលនាយករដ្ឋមន្រ្តី Yoshihide Suga បានផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងជំងឺរាតត្បាត ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូលពន្ធ។
ផែនការចំណាយ ដែលត្រូវនឹងរបាយការណ៍បណ្តាញសារព័ត៌មានរ៉យទ័រចេញផ្សាយកាលពីសប្តាហ៍មុន ត្រូវតែអនុម័តដោយសភានៅដើមឆ្នាំក្រោយ។
ដោយបំណុលសាធារណៈមានចំនួនច្រើនជាងទ្វេដងរបស់ប្រទេស ដែលមានទំហំសេដ្ឋកិច្ច៥ទ្រីលានដុល្លារនេះ កំណែទម្រង់សារពើពន្ធ គឺជាកិច្ចការបន្ទាន់ជាងប្រទេសដទៃទៀត៕






