ដោយៈ រ៉ាណេត
សៀមរាបៈ មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ត្រីជំនាញមន្ទីរ និងរដ្ឋបាលខេត្តសៀមរាប បានចុះធ្វើការកំណត់អត្តសញ្ញាណកម្មដីធ្លី ជូនប្រជាពលរដ្ឋដែលរុះរើសំណង់លំនៅដ្ឋានជាប់ស្ទឹងសៀមរាប សរុបជាង៤០០គ្រួសារទៅកាន់ទីតាំងថ្មី ក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិតារុនឯក ឃុំតារុនឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
តាមរយៈសេចក្ដីរាយការណ៍លម្អិតរបស់រដ្ឋបាលខេត្តសៀមរាប ជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ មន្ត្រីជំនាញដែនដី និងរដ្ឋបាលខេត្តសៀមរាប ចុះទៅកាន់ទីតាំងថ្មីនៃការដោះដូរ ជូនប្រជាពលរដ្ឋដែលស្នាក់នៅបណ្តោះអាសន្នជាប់ស្ទឹងសៀមរាបជាង៤០០គ្រួសារ នឹងបោះបង្គោលកំណត់អត្តសញ្ញាណកម្មដីកម្មសិទ្ធិ។
លោកឧបនាយករដ្ឋមន្ត្រី បានសរសេរបណ្តាញទំនាក់ទំនងអេឡិចត្រូនិកថា“ឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋបាលខេត្តសៀមរាប តាមការណែនាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងសំណង់បណ្តោះអាសន្នតាមស្ទឹងសៀមរាប ចាប់ពីគល់ស្ពាននាគដល់ស្ពានអង្គរ ចំនួន៤០៥គ្រួសារនៃចំនួនសរុបចំនួន៤៣០គ្រួសារ ស្មើនឹង៩៤,១៨ភាគរយ បានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ទំហំ២០x ៣០ម៉ែត្រ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប”
ការអនុវត្តនូវការចាប់ឆ្នោតយកដីឡូតិ៍ ដែលជាការដោះដូរទីតាំងលំនៅដ្ឋានខាងលើនេះ គឺជាការដោះស្រាយនូវផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ រួមជាមួយនឹងការស្ដារឱ្យល្អប្រសើរឡើងវិញ នូវដងស្ទឹងសៀមរាប ដើម្បីបង្កើនសោភ័ណភាពនៅក្នុងក្រុង និងជាភាពទាក់ទាញទេសចរបន្ថែមទៀតក្រោមការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា លើទំហំទឹកប្រាក់ចំនួន១៥០លានដុល្លារ ដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខ ៕






