ដោយៈប៊ី
ភ្នំពេញៈ ស្ថាប័នអន្តរជាតិធំៗចំនួន២ ដែលរួមានធនាគារពិភពលោក(World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងស្ទុះទៅរកកំណើនវិជ្ជមាននៅឆ្នាំ២០២១ ខណៈបច្ចុប្បន្នសកម្មភាពសេដ្ឋកិច្ចកម្ពុជា កំពុងចាប់ផ្តើមកម្រើកឡើងវិញ។

យោងតាមរបស់របាយការណ៍ចុងក្រោយ World Bank ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញ ហើយលូតលាស់បានប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១។ ប៉ុន្តែADB បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនស្ទុះឡើង៥.៩ ភាគរយនៅឆ្នាំក្រោយនេះ។
World Bank បានឱ្យដឹងនៅក្នុងរបាយការណ៍មួយឈ្មោះ Restrained Recovery ស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាថា សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងថយថយកំនើន ប្រមាណដក២ភាគរយ នៅក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញហើយលូតលាស់បានប្រហែលជិត៤ភាគរយក្នុងឆ្នាំ២០២១។
ជាមួយគ្នានេះដែរ លោក David Freedman សេដ្ឋវិទូប្រចាំប្រទេសរបស់ADBកម្ពុជាបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ ក្នុងរង្វង់-៤.០%ភាគរយ ក្នុងឆ្នាំ២០២០ ហើយកំណើននឹងស្ទុះឡើង៥.៩ ភាគរយនៅឆ្នាំ ២០២១។
លោកបានឱ្យដឹងទៀតថា“កម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាព ក្នុងការនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះនៃកំណើននាពេលអនាគត ពីព្រោះកំណើនរបស់កម្ពុជាត្រូវបានបង្កើតឡើង ដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម”។
ជាមួយគ្នានេះ លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោកមានប្រសាសន៍ថា “ចក្ខុវិស័យកំណើនរបស់កម្ពុជា នៅប្រឈមនឹងភាពមិនប្រាកដប្រជាច្រើនណាស់”។ លោកស្រីបន្តថា “គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះ គឺជាបន្ទាន់ ត្រូវធ្វើយ៉ាងណាស្តារឡើងវិញនូវការងារដែលបាត់បង់ ឬដែលត្រូវព្យួរដោយសារតែការរាលដាលជំងឺនេះ”។
លោកស្រីបន្តទៀតថា ឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ដែលត្រូវជំរុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក និងពីបរទេស ឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់ដែលត្រូវបានបង្កើតឡើង កាលពីពេលថ្មីៗនេះ។
លោកស្រីបានថ្លែងថា “លទ្ធភាពនេះអាចធ្វើទៅរួច តាមរយៈការដាក់ចេញឱ្យបានឆាប់រហ័ស នូវច្បាប់វិនិយោគដែលមានភាពប្រកួតប្រជែង និងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគ អមដោយវិធានការទាំងឡាយ សំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្មផងដែរ”៕






