សូចនាករចំនួន៤ សំរាប់ពិចារណាមុនសម្រេចចិត្តវិនិយោគដីជាយក្រុងដែលងាយ ស្រួលលក់និងចំណេញលឿន

0

        ដោយគង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញជាច្រើនបានលើកឡើងស្រដៀងគ្នាថា ការវិនិយោគដីធ្លីនៅតំបន់ជាយក្រុងនៅតែមានឳកាសចំណេញច្រើន និងងាយស្រួលលក់ ដោយសារដីនៅតំបន់បែបនេះនៅតែមានចរន្តទិញលក់ ទោះបីសេដ្ឋកិច្ចជួបវិបត្តិក្តី។

ហេតុអ្វី និងហេតុផលអ្វីខ្លះ ដែលជម្រុញឲ្យតម្លៃដីធ្លីនៅតំបន់ជាយក្រុងទទួលបានផលចំណេញច្រើន? យើងអាចសិក្សាទៅលើកត្តាសត្យានុម័តទាំងនេះ។

ជាតំបន់ងាយទទួលរងឥទ្ឋិពលពីការអភិវឌ្ឍន៍

        តាមធម្មតាសកម្មភាពសេដ្ឋកិច្ច តែងតែមានភាពរសរវើកនៅទីក្រុងឬរាជធានីរបស់ប្រទេសណាមួយ ហេតុនេះសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគនៅក្នុងទីក្រុងតែងតែទទួលបានឥទ្ឋិពលលឿន។ ការរីកចម្រើននៃៃទីក្រុង តែងតែជះឥទ្ឋិពលដល់តំបន់ជាយក្រុង ដោយសារវាស្ថិតនៅកៀកនឹងទីក្រុង ហើយអ្នកវិនិយោគឆ្លាតវៃ តែងតែសម្លឹងមើលឳកាសនៅតំបន់ជិតៗក្រុង ព្រោះវាងាយទទួលបានការអភិវឌ្ឍលឿន និងសកម្មភាពទិញដូរច្រើន។

ងាយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ

        នៅកម្ពុជាពេលហេដ្ឋារចនាសម្ព័នឋតភ្ជាប់ទៅដល់តំបន់ណា តំបន់នោះតែងតែមានភាពរីកចម្រើនលឿន ពិសេសតម្លៃដីធ្លីតែងតែកើនឡើងយ៉ាងឆាប់រហហ័ស។

ដូចគ្នានេះដែរ តំបន់ជាយៗរាជធានីភ្នំពេញ តែងតែទទួលបានគម្រោងវិនិយោគ   ថ្មីៗ ដែលធ្វើឲ្យការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងវិស័យឯកជនបានកើនឡើងយ៉ាងឆាប់រហ័ស និងតែងតែសិទ្ឋក្នុងគោលដៅ ឬកញ្ចប់អាទិភាពរបស់រដ្ឋាភិបាល។

កំនើននគរូបនីយកម្ម      

កត្តានគរូបនីយកម្ម តែងតែផ្សារភ្ជាប់នឹងប្រជាសាស្រ្ត ហេតុនេះនៅពេលមានមនុស្សកើនឡើងនៅតំបន់ណាច្រើន កត្តានគរូបនីយកម្មនឹងរីកចម្រើនលឿនទៅតាមនោះដែរ។

ដូច្នេះហើយបានជាទីក្រុងតែងតែរីកចម្រើនលឿន និងមានផែនការពង្រីកជាបន្តបន្ទា​ប់របស់រដ្ឋាភិបាល ជាក់ស្តែងផ្ទៃក្រឡារាជធានីភ្នំពេញ បានកើនឡើងពី៣០០គីឡូ​ម៉ែត្រក្រឡា ទៅទំហំ៧០០គីឡូមែត្រក្រឡា និងអាចពង្រីកថែមទៀតនាពេលអនាគត។

នគរូបនីយកម្ម ក៏មានភាពប្រទាក់ក្រឡាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍន៍យ៉ាងស្អិតរមួតផងដែរ។

កត្តាប្រជាសាស្រ្ត

        ជាទូទៅនៅពេលប្រទេសរីកចម្រើន ប្រជាជនតែងតែរត់ចូលមករស់នៅក្នុងក្រុងភ្នំពេញ ដែលនិន្នាការនេះបានកើតមាននៅស្ទើរគ្រប់ប្រទេសនានានៅលើពិភពលោក។

ហេតុនេះហើយបានជាចំនួនប្រជាជនរស់នៅក្រុងភ្នំពេញ បានកើនឡើងជាប្រចាំ ដោយបច្ចុប្បន្នមានប្រជាជនរស់នៅជាង៣លាននាក់ និងរំពឹងកើនដល់៥លាននាក់នៅឆ្នាំ២០៣០ខាងមុខ។

ជាមួយគ្នានេះ ការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ​ង់បានបង្ហាញថា ចំនួនប្រជាជនរស់នៅទីក្រុង និងតាមទីប្រជុំជននានានឹងកើនឡើងដល់៧លាននាក់នៅឆ្នាំ២០៣០ ហើយតម្រូវការលំនៅដ្ឋាននៅទីក្រុង នឹងកើនដល់ប្រមាណជិត១លានខ្នងផងដែរ។

ផ្អែកលើកត្តាទាំងអស់នេះហើយ បានជាសកម្មភាពនៃការអភិវឌ្ឍបានរីកទៅកាន់តំបន់ជាយក្រុងកាន់តែឆាប់រហ័ស តម្លៃដីធ្លីកើនឡើង ចំនួនប្រជាពលរដ្ឋបាននិងកំពុងកើនឡើង និងផ្នែកនគរូបនីយកម្មបានរីកចម្រើនស្របនឹងសេដ្ឋកិច្ចសង្គមផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here