ដោយ ៖ វុត្ថា
ភ្នំពេញ ៖ គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដើម្បីធ្វើឱ្យប្រសើរឡើង និងលើកស្ទួយវិស័យដឹកជញ្ជូនបានឈានដល់ការអនុម័តលើសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement)។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញគឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួត ប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម និងជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងការដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC) ថា “គម្រោងអភិវឌ្ឍមួយនេះនឹងចូលរួមសម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០”។
នៅក្នុងកិច្ចប្រជុំខាងលើនេះបានសង្កត់ធ្ងន់ទៅលើការពិនិត្យលើសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាល ជាមួយនឹងក្រុមហ៊ុន YCH និងដើម្បីប្រមូលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់អន្តរជាតិលើចំណុចមួយចំនួនដែលនៅសេសសល់ពីកិច្ចប្រជុំនាពេលកន្លងមក សំដៅឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយក្នុងបទដ្ឋានជាតិ និងអន្តរជាតិ អាចទទួលយកបានពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួម ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងឈានទៅបញ្ចប់សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងនេះនាពេលឆាប់ៗខាងមុខ ដើម្បីដាក់ជូនទៅក្រុមហ៊ុន YCH៕






