ចំណេះដឹងពាណិជ្ជកម្ម!តើពាណិជ្ជករបរទេសមិនបានចុះបញ្ជីពាណិជ្ជកម្មត្រូវពិន័យដូចម្តេចខ្លះ?

0

ដោយៈវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនពាណិជ្ជកម្មបរទេសទាំងអស់ ដែលមានតែសាខា ឬទីភ្នាក់ងារនៅកម្ពុជា ត្រូវធ្វើការបំពេញទំរង់ចុះបញ្ជីពាណិជ្ជកម្មតាមមាត្រា១៧ និងមាត្រា១៨ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ដូចគ្នានឹងពាណិជ្ជករជានីតិបុគ្គលដែរនៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។

ផ្ទុយទៅវិញ ក្នុងករណីដែលពាណិជ្ជករ និងក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយណាដែលមិនបានចុះបញ្ជីពាណិជ្ជកម្មតាមការបញ្ញត្តិរបស់ក្រសួងពាណិជ្ជកម្មទេត្រូវផ្ដន្ទាទោ​សពិន័យជាប្រាក់ចំនួន៥០,០០០៛ (ប្រាំម៉ឺនរៀល) ទៅ ៥០០,០០០៛ (ប្រាំសែនរៀល) (មាត្រា៤០ ចំណុច១ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ឬមានទោសនិទ្ធនភាពសាមញ្ញក្នុងករណីធនក្ស័យ (មាត្រា ៤១ នៃច្បាប់ដដែល) ។

ចំពោះករណីដែលពាណិជ្ជករ ឬរាល់អ្នកដឹកនាំក្រុមហ៊ុនពាណិជ្ជកម្ម ទាំងឡាយណា ដែលប្រើឯកសារក្លែងក្លាយ ត្រូវផ្ដន្ទាទោសចាប់ពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០៛ (មួយលានរៀល) ដល់១០,០០០,០០០៛ (ដប់លានរៀល)(មាត្រា ៤២ នៃច្បាប់ដដែល) ។

សរុបមកសម្រាប់ពាណិជ្ជករ និងក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយណា ដែលបានធ្វើការចុះបញ្ជីពាណិជ្ជកម្ម លើអាជីវកម្មរបស់ខ្លួន ពួកគេនឹងទទួលបាននូវអាជីវកម្មមួយស្របច្បាប់ ហើយទទួលបាននូវការការពារចំពោះឈ្មោះ និងផលិតផលរបស់ក្រុមហ៊ុននោះ ព្រមទាំងដើម្បីធ្វើការបញ្ជៀស ការខាតបង់ផលប្រយោជន៍នានា ដែលបណ្ដាល មកពីជនទុច្ចរឹតធ្វើការក្លែងបន្លំឈ្មោះ ឬផលិតផលរបស់ក្រុមហ៊ុននោះផងដែរ ។

ចំពោះករណីនេះ ម្ចាស់អាជីវកម្ម ក៏អាចធ្វើការប្ដឹងទៅក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការរំលាយ អាជីវកម្មរបស់ជនទុច្ចរឹតនោះបានដែរ ប៉ុន្ដែបើអំពើរបស់ជននោះ បានធ្វើឱ្យខាតបង់ផលប្រយោជន៍ធ្ងន់ធ្ងរ នោះម្ចាស់អាជីវកម្មដែលទទួលរងគ្រោះ អាចធ្វើការប្ដឹងទាមទារ សំណងតាមផ្លូវតុលាការដែលមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជាបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here