គម្រោងសាងសង់របងថ្មទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីជិតបញ្ចប់១០០ភាគរយហើយ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ គម្រោងសាងសង់របងថ្ម នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានប្រវែងជិត១០០០ម៉ែត្រ ចាប់ពីការាសសាំងតូតាល់ ជិតស្តុបBKC (កាណាឌីយ៉ា) រហូតដល់ស្តុបវត្តនាគវ័ន បានដំណើរការស្ថាបនាជិតរួចរាល់១០០ភាគរយហើយ ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការ៉ូឡាចាប់ពីផ្លូវR៦ បានរួចរា​ល់ទៅហើយនោះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២២ ធ្នូ ឆ្នាំ២០២០នេះថា ការសាងសង់ និងរៀបចំក្រាលឥដ្ឋការ៉ូឡា នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីដែលមានប្រែវជិត១០០០ម៉ែត្រនេះ ត្រូវបានបែងចែកជាដំណាក់កាលផ្សេងគ្នា។

ដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីការាសសាំងតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២) មានប្រវែង៦៥០ម៉ែត្រ កម្ពស់២ម៉ែត្រ។ នៅក្នុងដំណាក់កាលទី១នេះដែរ ក្រុមការងារស្ថាបនារបងបានប្រមាណជា៤០ភាគរយ ពោលគឺបានលេចចេញជារូបរាងថ្មីហើយ (ចាប់ពីការាសសាំងតូតាល់រហូតដល់ជិតការាសលក់រថយន្ត) ។

ដំណាក់កាលទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ផ្លូវបត់ទៅវត្តនាគវ័នដែលមានប្រវែង៤៣៧ម៉ែត្រ។

បើតាមមន្ត្រីជំនាញបានបញ្ជាក់ថា ការរៀបចំធ្វើរបងថ្ម និងការរៀបចំការ៉ូឡាសម្រា​ប់អ្នកថ្មើរជើង ធ្វើឡើងដើម្បីសំរួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងមួយផ្នែកទៀត គឺលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរមួយកំរិតទៀត។ ម្យ៉ាងវិញទៀតដោយសារតែផ្លូវសហព័ន្ធរុស្ស៊ីនេះ គឺជាផ្លូវមួយដែលមានការធ្វើដំណើរ យ៉ាងមមាញញឹករាល់ថ្ងៃ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីពេលថ្មីៗនេះបានដឹកនាំអាជ្ញាធរខណ្ឌដូនពេញ និងមន្ទីរជំនាញចុះពិនិត្យមើលពីស្ថានភាព គម្រោងសាងសង់របងនេះម្តងរួចមកហើយ។ ក្នុងនោះលោកបានស្នើរឱ្យប្រជាពលរដ្ឋមានការយោគយល់ និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានល្អដើម្បីជំរុញឱ្យការសាងសង់មានភាពរលូន បង្កើនសោភណ្ឌភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here