ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនឡើងលើស៥,២៧ពាន់លានដុល្លារ

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសកម្ពុជា -វៀតណាម បានបន្តកើនឡើងលើសពីការរំពឹងទុករហូតដល់ជាង៥,២៧ ពាន់ដុល្លារក្នុងមួយឆ្នាំ ខណៈដែលគោលដៅបានកំណត់កាលពីឆ្នាំ២០១៩ត្រឹមតែ៥ពាន់លានដុល្លារតែប៉ុណ្ណោះ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា វៀតណាម គឺជាប្រទេសដៃគូដ៏រឹងមាំសម្រាប់វិស័យពាណិជ្ជកម្មរបស់កម្ពុជា។

លោកបានបន្តថា ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ភាគីទាំងពីរទំហំពាណិជ្ជកម្ម មានចំនួន ៥,២៧ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដែលចំនួននេះលើសពីទំហំគោលដៅ៥ប៊ីលានដុល្លារអាមេរិក មុនកាលកំណត់ឆ្នាំ២០២០ និងបានអះអាងថា នឹងជួយសម្រួលដល់សកម្មភាពនាំចូលនិងនាំចេញរវាងប្រទេសទាំងពីរ។

នៅក្នុងក្នុងកិច្ចប្រជុំសំខាន់ខាងលើនេះ ភាគីទាំងនៃប្រទេសទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រទៅវិញទៅមកនៅថ្នាក់តំបន់ និងអន្តរជាតិ បន្តសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសដែលបានគ្រោងទុក និងបទល្មើសអ៊ីនធឺណែត និងធ្វើឲ្យប្រសើរនូវយន្តការសម្រាប់ការផ្លាស់ប្តូរព័ត៌មាននៅគ្រប់វិស័យ។

សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងធនធានមនុស្ស ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសមភាគីវៀតណាម ដែលបានសម្របសម្រួលឱ្យនិស្សិតកម្ពុជា អាចចូលទៅប្រទេសវៀតណាមឡើងវិញបាន ដើម្បីបន្តការសិក្សារបស់ពួកគេ។ ភាគីទាំងពីរ បានឯកភាពបន្តផ្តល់អាហារូបករណ៍ឱ្យគ្នាទៅវិញទៅមក ដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២០ និង២០២១។

ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថាមពល ភាគីទាំងពីរបានឯកភាពក្នុងការស្វែងរក កាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងវិស័យថាមពល និងការសិក្សាស្រាវជ្រាវរួម ស្តីពីការអភិវឌ្ឍថាមពលស្អាត និងកកើតឡើងវិញ។

ចំពោះបញ្ហាព្រំដែន ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគោរពណ និងអនុវត្តឱ្យបានពេញលេញនូវបណ្តាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្តីពីព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានលើកទឹកចិត្តដល់គណៈកម្មការចម្រុះខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក(JBCs) នៃប្រទេសទាំងពីរ ឱ្យធ្វើការយ៉ាងជិតស្និទ្ធ និងពិភាក្សាយ៉ាងសកម្ម ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ដោយអនុលោមតាមច្បាប់អន្តរជាតិ ចំពោះព្រំដែនគោកចំនួន១៦%ទៀត ដែលពុំទាន់បានខណ្ឌសីមានៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here