ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្នុងគោលបំណងជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម និងសេដ្ឋកិច្ចឱ្យកាន់តែមានភាពល្អប្រសើរ រដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី គ្រោងនឹងមានការរៀបចំឱ្យមានកិច្ចចុះហត្ថលេខារវាងសភាពាណិជ្ជកម្មនៃប្រទេសទាំង២ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពណាិជ្ជកម្មកម្ពុជា បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះថា គម្រោងនៃការរៀបចំឱ្យមានកិច្ចចុះហត្ថលេខារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មប្រទេសអូស្ត្រាលីនេះគឺមានយូរហើយ ប៉ុន្តែនៅមិនទាន់បានអនុវត្តនៅឡើយ។
លោកឧកញ៉ាបានបន្តថា “ក្នុងគោលដៅពង្រីកទំហំពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ កាលពីពេលកន្លងទៅនេះយើងបានចុះហត្ថលេខានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងអូស្ដ្រាលីជាសមាជិកកាលពីអំឡុងខែវិច្ឆិកាកន្លងមករួចហើយ។ ជាជំហានបន្ទាប់អាចនឹងឈានដល់ការចុះហត្ថលេខារវាងសភាពាណិជ្ជកម្មខាងមុខនេះ ខណៈដែលកម្ពុជាក៏មានបំណងដាក់ស្ថាប័នតំណាងធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសអូស្ត្រាលីផងដែរ”។
លោកបានបញ្ជាក់ថា “ក្រោយកិច្ចចុះហត្ថលេខា យើងអាចនឹងមានការចរចាបន្តទៅលើការដោះស្រាយបញ្ហារាំងស្ទះមួយចំនួនទៅលើការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង២ ពោលគឺធ្វើយ៉ាងណារកវិធីដែលអាចទទួលបាននូវរីកចម្រើនទាំងវិស័យឯកជន ទាំងរដ្ឋាភិបាលនៃប្រទេស”។
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា “សម្រាប់ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសអូស្ត្រាលីកាលពីពេលកន្លងទៅនេះគឺនៅមានកម្រិតនៅឡើយ ដោយក្នុងនោះផលិតផលដែលនាំចេញពីកម្ពុជាទៅកាន់ទីផ្សារប្រទេសអូស្ត្រាលីរួមមានដូចជា សម្លៀកបំពាក់ បរិក្ខាអគ្គិសនី សម្ភារៈប្រើប្រាស់ និងផលិតផលកសិផលផងដែរ ខណៈដែលការនាំចូលមកពីប្រទេសអូស្ត្រាលីមកកាន់កម្ពុជាវិញរួមមានដូចជាគ្រឿងបរិក្ខាពេទ្យ ផលិតផលកសិកម្ម និងគ្រឿងតុបតែងផងដែរ”។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា លឹម ហេង ក៏បានបង្ហាញពីក្ដីរំពឹងនឹងអាចឈានដល់ការចរចាលើកិច្ចព្រមព្រៀងព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ផងដែរ៕






