ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានធ្វើការជូនដំណឹង និងព្រមានម្ចាស់សំណង់ទាំងឡាយណាដែលមិនព្រមរុះរើសំណង់ប៉ះពាល់គម្រោងសាងសង់ផ្លូវល្បឿនលឿន ដោយដាក់កំណត់ត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ជាកំហិត ត្រូវតែអនុវត្តជាចាំបាច់។

តាមរយៈការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលប៉ះពាល់ទៅនឹងគម្រោងសាងសង់ផ្លូវល្បឿនលឿនមានចំនួន៤៩គ្រួសារ ដែលបានចូលទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើតាំងពីឆ្នាំ២០០២ ក្នុងភូមិពូធឿង ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់។
នៅក្នុងលិខិតដដែលបានបញ្ជាក់ទៀតថា ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនស្ថាបនាផ្លូវល្បឿនលឿនអាចដំណើរការសាងសង់ និងឈានទៅបញ្ចប់គម្រោងតាមផែនការដែលបានគ្រោងទុក សូមប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំងអស់ត្រូវរុះរើសំណង់របង ដំណាំ ឬសំណង់ផ្សេងៗចេញពីទីតាំងដោយខ្លួនឯងឱ្យបានរួចរាល់មុនថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ជាកំហិត ។ ក្នុងករណីដែលមិនរុះរើដូចសេចក្ដីណែនាំ កម្លាំងរដ្ឋបាលស្រុកនឹងចាត់វិធានការរុះរើដោយមិនទទួលខុសត្រូវទៅលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិនោះឡើយ។
ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ។
គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដីរាជធានីភ្នំពេញ ប្រវែង៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩,៨៩ គីឡូម៉ែត្រ។
តាមគម្រោងផ្លូវល្បឿនលឿននេះ មានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
រាជរដ្ឋាភិបាល បានសម្រេចឱ្យមានការវិនិយោគផ្លូវនេះ តាមរូបភាពសាងសង់-អាជីវកម្ម និងផ្ទេរ (BOT) ជំនួសវិញ ដើម្បីសម្រួលការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅរបស់កម្ពុជា និងការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ដោយចំណាយពេលវេលាតិច និងឆាប់រហ័ស៕






