ដោយ ៖ វុត្ថា
សៀមរាប ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី បាន និងកំពុងសម្រុកសកម្មភាពសាងសង់យ៉ាងមមាញឹក ដើម្បីអាចបញ្ចប់ទៅតាមគម្រោង និងផែនការដែលបានគ្រោងទុក ខណៈដែលបច្ចុប្បន្នលទ្ធផលសម្រេចបានប្រមាណ៣៥ភាគរយ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍ថា គម្រោងសាងសង់អាកាសយានដ្ឋានលំដាប់អន្តរជាតិមួយនេះបានសម្រេចបានចំនួន៣៥ហើយ ដែលនឹងគ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ខាងមុខ ។
លោកបានបន្តថា “រយៈពេលនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបមួយនេះ គ្រោងចំណាយពេល៣៦ខែ រាប់គិតចាប់ពីថ្ងៃបើកការដ្ឋានតាំងពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ ដោយក្រុមហ៊ុនជំនាញ Angkor International Airport Investment (Cambodia) Co., Ltd. ។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប នឹងទទួលបាននូវអាកាសយានអន្តរជាតិថ្មីមួយនាឆ្នាំ២០២៣ ឆាប់ៗខាងមុខ ដែលនឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប សំដៅជម្រុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍន៏សង្គមប្រកបដោយចីរភាព។

នៅក្នុងក្នុងបេសកម្មនៃការសាងសង់ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltdបានដាក់ផែនការចំនួន៤ រួមមានទី១ ផែនការសាងសង់អាកាសយានដ្ឋានទាំងមូល ( Overall Schedule)។ ទី២ រាយការណ៏ អំពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន ឆ្នាំ២០២០ ( Project Progress in 2020)។ ទី៣ ផែនការសាងសង់អាកាសយានដ្ឋានឆ្នាំ២០២១ (Construction Plan for 2021) និង
៤ វិធានការត្រួតពិនិត្យ និងការបង្ការជម្ងឺឆ្លង កូវិដ១៩ ចំពោះបុគ្គលិក និងកម្មករដែលធ្វើការក្នុងគម្រោងសាងសង់អាកាសយានដ្ឋានទាំងមូល ( Pandemic Prevention and Control) ៕






