ដោយ ៖ វុត្ថា
កែប ៖ កំណាត់ផ្លូវ DBST ក្នុងក្រុងកែបចំនួន៧កំណាត់ ដែលមានប្រវែងសរុប៣,៣៨២ម៉ែត្រ រួមជាមួយនឹងសំណង់សិល្បៈការ្យបានចាប់ផ្តើមបេីកការដ្ឋានសាងសង់ហើយ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូន និងបង្កើនសោភ័ណភាពនៅទូទាំងក្រុងកែប។
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានមានប្រសាសន៍នៅក្នុងពិធីបេីកការដ្ឋាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះថា នៅក្នុងផែនការមេរបស់រដ្ឋបាលខេត្ត នឹងត្រូវស្ថាបនា និងស្ដារធ្វើឱ្យល្អប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តក្នុងនាមជាគោលដៅទេសចរណ៍កម្រិតខ្ពស់ប្រចាំប្រទេសកម្ពុជា។
លោកអភិបាលខេត្តបានបញ្ជាក់ថា “ដេីម្បីជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន១ ខ្សែ និងជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBSTចំនួន៧កំណាត់ខ្សែមានប្រវែង៣,៣៨២ម៉ែត្រ និងសំណង់សិល្បៈការ្យមួយចំនួនតាមបណ្តោយផ្លូវនៅមូលដ្ឋានភូមិកែប សង្កាត់កែប នេះគឺជាចំណងដៃថ្មីមួយទៀត ដេីម្បីជូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វេីដំណេីរ និងដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សា ។
លោកបានបន្តទៀតថា “ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។ ប្រទេសជាតិមានសុខសន្តិភាពនេះហេីយ ទេីបរដ្ឋបាលខេត្តមានឱកាសអភិវឌ្ឍន៍មូលដ្ឋានគ្រប់ទីកន្លែង”។
លោកបន្តថា “កំណាត់ផ្លូវដែលនឹងជួសជុលនៅពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តកែបបានផ្តល់ជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ក្នុងការធ្វេីដំណេីរ និងបញ្ចៀសការកកស្ទះចរាចរ ជាពិសេសដើម្បីភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់តំបន់នេះមានភាពងាយស្រួល ។ ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនៅតែបន្តឥតឈប់ឈរ ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសេីរឡេីង។ ជាមួយគ្នានេះផងដែរលោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋសូមមានការយោគយល់ចំពោះផលប៉ះដែលកេីតឡេីងពីការជួសជុលនេះ”៕






