ដោយៈវិស្សុត
ភ្នំពេញៈ ដំណឹងល្អសំរាប់ឆ្នាំ២០២១ខាងមុខនេះ ដោយរដ្ឋាភិបាលបានសម្រេចលើកលែងបន្ទុក វិស័យឯកជននិងពលរដ្ឋបន្ថែមទៀត ក្នុងនោះពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិក ក៏ត្រូវបានបន្តលើកលែងរហូតដល់ដំណាច់ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី វិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិ ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិនៃជងឺកូវីដ១៩ ជុំទី០៧ បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ ថ្លឹងថ្លែង និងផ្លាស់ប្តូរយោបល់លើស្ថានភាពសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទាំងក្នុងក្របខណ្ឌសកលលោក តំបន់ និងក្នុងស្រុក រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមជុំទី៧ ក្នុងគោលបំណង បន្តដាក់ចេញ និងអនុវត្តវិធានការរក្សាលំនឹងអាជីវកម្ម ខណៈដែលកម្ពុជាកំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ ក៏ដូចជាទ្រទ្រង់និងស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ១៩ និងបន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតនៃវិបត្តិជំងឺកូវីដ១៩ ។
យោងតាមសេចក្តីប្រកាសដដែលនេះបានឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះ ដែលមានតម្លៃទាបជាង៧ម៉ឺនដុល្លារអាមេរិក ដោយគិតពីខែមករា ឆ្នាំ២០២១ ដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២១ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលចុះបញ្ជីនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានអំពាវនាវ ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីឱ្យពលរដ្ឋអាចមានលទ្ធភាពក្នុងការទិញផ្ទះស្នាក់នៅ។
កន្លងមករាជរដ្ឋាភិបាលក៏បានប្រកាសផងដែរ ពីការពន្យារពេលក្នុងការអនុវត្តពន្ធលើចំណេញមូលធន ដល់ដើមឆ្នាំ២០២២ផងដែរ ។ អ្នកជំនាញនៃវិស័យអចលនវត្ថុបានសាទរនូវវិធានការណ៍ និងការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់វិស័យអចលនទ្រព្យ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល នឹងអាចជួយស្រោចស្រង់ដល់វិស័យអចលនទ្រព្យ ដែលរងគ្រោះដោយសារតែកូវីដ១៩បានមួយកម្រិតទៀត ហើយនឹងជួយដល់ពលរដ្ឋម្ចាស់អចលនទ្រព្យ ក្នុងការទិញលក់អចលនទ្រព្យក្នុងពេលវិបត្តិផងដែរ ៕






