សម្ដេចតេជោ ៖ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាដ៏សំខាន់

0

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ៖ គិតត្រឹមចុងឆ្នាំ២០២០នេះ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានបង្កើតឡើង ដោយបងប្អូនខ្មែរខ្សែស្រឡាយចិន និងបងប្អូនខ្មែរដើមកំណើតចិន កាលពី៣០ឆ្នាំមុន បានចូលរួមចំណែកក្នុងការជួយទ្រទ្រង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អប្រសើរបំផុត។

តាមរយៈលិខិតអបអររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបទី៣០ នៃថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានឱ្យដឹងថា រយៈពេល៣០ឆ្នាំកន្លងមកនេះ សមាគមបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានសមាគមនិកាយទាំង៥ រួមមាន សមាគមនិកាយទាជីវ សមាគមនិកាយខិ សមាគមនិកាយកាតាំង សមាគមនិកាយហុកគៀន និងសមាគមនិកាយចិនហៃណាំ។

នៅក្នុងលិខិតដដែលនេះ សម្ដេចតេជោបានឱ្យដឹងទៀតថា សមាគមត្រកូល សមាគមខ្មែរ ចិនតាមបណ្ដាខេត្តក្រុងស្រុកនិងសមាគមពាណិជ្ជកម្មចិនផ្សេងទៀតរួមសាមគ្គីគ្នា កសាង និងអភិវឌ្ឍសង្គមជាតិកម្ពុជា តាមរយៈការចូលរួមរក្សាទំនៀមទំលាប់និងវប្បធម៌រស់នៅរបស់បងប្អូនខ្មែរចិន ការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ដោយបង្កើតសាលារៀនខ្មែរ ចិន ការទាក់ទងធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយបរទេសជាដើម។

សមាគមខ្មែរចិន បានរៀបចំកម្មវិធីជួបជុំបងប្អូនខ្មែរចិនរាប់ពាន់នាក់ រៀបចំវេទិកាវិនិយោគនិងធុរកិច្ចនៅកម្ពុជា ដោយមានវិនិយោគិនពីបរទេសរាប់រយនាក់ចូលរួម បានធ្វើស្ពានសម្រាប់ភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា និងប្រជាជនចិន ដោយនាំមកនូវផលប្រយោជន៍បសម្រាប់ធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា សម្ដេចជឿថា សមាជិកសមាជិកាទាំងអស់ក្នុងសម្ព័ន្ធ ខ្មែរចិន បងប្អូនខ្មែរចិន នឹងបន្តរួមគ្នា រួមចំណែកថែរក្សាសុខសន្តិភាពដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីកសាងជីវភាពរស់នៅកាន់តែប្រសើររបស់បងប្អូនខ្មែឬចិន និងបងប្អូនខ្មែរទូទាំងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here