ដោយៈ រ៉ាណេត
ភ្នំពេញៈ អាគារទីបញ្ជាការស្រាលមានទំហំ២១,៧ គុណនឹង៤២ម៉ែត្រ កម្ពស់៣ជាន់ និងបំពាក់គ្រឿងបរិក្ខារចាំបាច់នានា នៅលើផ្ទៃដីទំហំ១.៥៧១,១៨៩ម៉ែត្រក្រឡា ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ នឹងត្រូវសាងសង់ឡើងដោយថ្នូរ ជាមួយនឹងដីទំហំ២០ហិកតានៅបឹងតាមោក(កប់ស្រូវ)។
ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលិខិតលេខ១០៩៩ សជណ.មយ អំពីការរៀបចំសាងសង់ទីបញ្ជាការស្រាល ទំហំ២១,៧គុណនឹង៤២ម៉ែត្រកម្ពស់៣ជាន់ និងបំពាក់គ្រឿងបរិក្ខារចាំបាច់នានា នៅលើផ្ទៃដីទំហំជិត១.៦ ម៉ែត្រក្រឡារបស់លោក លន់ ហាក់ និងអ្នកស្រីឈុន ចាន់ធី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ សម្រាប់ឱ្យកងកម្លាំងប្រើប្រាស់ ដើម្បីបំពេញការងារថែរក្សាសន្តិសុខ ការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំនៅចំណុចគោលដៅទីស្តីការគណៈរដ្ឋមន្ត្រី។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយលោក កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរដោយយោងលិខិត០៦៨/២០ លស.គ ចុះថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ លិខិតលេខ៦៥៤ខន /០២០ សជណចុះថ្ងៃទី១៧ខែធ្នូឆ្នាំ២០២០ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា,ចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០។
ករណីខាងលើទីស្តី ការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនថា រាជរដ្ឋាភិបាលបានសម្រេចធ្វើប្រទានកម្មជូនលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី នូវផ្ទៃដីបឹងតាមោក(កប់ស្រូវ) ទំហំ២០ហិកតា ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចមានគំនូសប្លង់បង្ហាញ ទីតាំងភ្ជាប់ជាមួយដោយលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រូវប្រគល់ផ្ទៃដីកម្មសិទ្ធិទំហំ ១.៥៧១,១៨៩ ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចំណាយថវិកាបន្ថែម ដើម្បីសាងសង់អគារទីបញ្ជាការស្រាលទំហំ ២១,៧ ម៉ែត្រ គុណនឹង៤២ម៉ែត្រ កម្ពស់៣ជាន់ និងបំពាក់សម្ភារៈបរិក្ខារចាំបាច់នានា នៅលើទីតាំងខាងលើ ជូនរដ្ឋបាលរាជធានីភ្នំពេញ។
នៅក្នុងលិខិតបានបញ្ជាក់ទៀតថា លោក លន់ ហាក់ និង អ្នកស្រី ឈុន ចាន់ធី ត្រូវផ្ទេរកម្មសិទ្ធិដីទំហំ ១.៥៧១,១៨៩ម៉ែត្រក្រឡានេះ មកជាទ្រព្យសម្បត្តិរបស់រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវធ្វើការសាងសង់អគារទីបញ្ជាការស្រាល ទំហំ ២១,៧ ម៉ែត្រគុណនឹង៤២ម៉ែត្រកម្ពស់៣ជាន់និងបំពាក់សម្ភារៈបរិក្ខារចាំបាច់ នានា នៅលើទីតាំងខាងលើជូនរដ្ឋបាលរាជធានីភ្នំពេញឱ្យបានរួចរាល់ជាស្ថាពរ ក្នុងរយៈពេល១៨(ដប់ប្រាំបី)ខែ ក្រោយពីទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល។ ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យទាំងអស់ខាងលើ ពន្ធអាករ និងសេវាអន្តរក្រសួងនានាជាបន្ទុករបស់រដ្ឋ៕






