ដោយវុត្ថា
សឹង្ហបុរីៈ ក្រុមហ៊ុនរបស់ប្រទេសសឹង្ហបុរី CVC Capital Partners បានយល់ព្រមទិញក្រុមហ៊ុនទូរគមនាគមន៍ ដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាឈ្មោះថា Irrawaddy នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃប្រហែល ៧០០លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយរបស់គេហទំព័រ www.businesstimes.com.sg បានឱ្យដឹងថា ការសម្រេចចិត្តទិញនេះជាសញ្ញាបង្ហាញថា ក្រុមហ៊ុនបានទិញផ្តាច់មុខ និងឈានមុខគេនៅលើពិភពលោក នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ និងជាកិច្ចព្រមព្រៀងធំបំផុតលំដាប់ទី២ ដែលមិនធ្លាប់មានទាក់ទងនឹងទ្រព្យសម្បត្តិរបស់មីយ៉ាន់ម៉ា។
គេហទំព័រនេះបន្តថា នេះគឺជាការវិនិយោគដ៏ធំ និងដំបូងបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា របស់ក្រុមហ៊ុន CVC ដែលជាក្រុមហ៊ុនភាគហ៊ុនឯកជនធំបំផុតមួយ នៅលើពិភពលោក។ ក្រុមហ៊ុន CVC ត្រូវបានគេផ្តល់ជូនផ្តាច់មុខ នៅក្នុងចំណោមការជ្រើសរើសពីក្រុមហ៊ុន ដ៏សក្តានុពលរួមមានក្រុមទូរគមនាគមន៍ក្នុងតំបន់ និងក្រុមហ៊ុនផ្សេងទៀត។
ក្រុមហ៊ុនដែលចូលរួមដេញថ្លៃ មានក្រុមហ៊ុន Blu Stone Management ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឌូបៃ និងក្រុមហ៊ុន M1 Group នៅក្នុងទីក្រុង Lebanon ប៉ុន្តែក្រុមហ៊ុនទាំងនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីហិរញ្ញវត្ថុរបស់ខ្លួន។
លោក Jamal Ramadan នាយក ក្រុមហ៊ុន M1 Towers ដែលបានចាញ់នៃការដេញថ្លៃបានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ទន្ទឹងរងចាំការបន្តរីកចម្រើន និងជោគជ័យលើ វិស័យទំនាក់ទំនងចល័តរបស់ប្រទេសមីយ៉ាន់ម៉ា។
Irrawaddy បម្រើឱ្យប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តធំៗ ទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំ របស់ប្រទេសន័រវេស Telenor ក្រុមហ៊ុន Ooredoo ដែលមានមូលដ្ឋាននៅប្រទេសកាតានិងក្រុមហ៊ុនក្នុងស្រុក Mytel ៕






