ដោយៈសុខុម
ក្រុងព្រុចសែល: នៅទីបំផុតប្រទេសអង់គ្លេស និងសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាជាថ្មី ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ធ្នូ បន្ទាប់ពីការចរចាដ៏តានតឹង ដែលបានអូសបន្លាយរយៈពេល១០ ជុំវិញការចាកចេញរបស់អង់គ្លេសពីប្លុកនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២០។

នៅពេលចាកចេញពីសហភាពអឺរ៉ុប ដែលជាទីផ្សាររួមតែមួយជាផ្លូវការ នៅខែមករា ដើមឆ្នាំ២០២១ ប្រទេសអង់គ្លេស នឹងមិនប្រឈមការបង់ពន្ធឡើយ សម្រាប់ការធ្វើពាណិជ្ជកម្មឆ្លងទៅសហភាពអឺរ៉ុប ថ្វីបើពួកគេបានកាត់ផ្ដាច់ទំនាក់ទំនង ក្នុងភាពជាដៃគូសហការជិតស្និទ្ធកន្លះសតវត្សរ៍មកនេះយ៉ាងណាក្ដី។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានប្រកាសថា “យើងយកបានសិទ្ធិគ្រប់គ្រងច្បាប់ និងជោគវាសនារបស់យើងវិញហើយ។ យើងយកបានសិទ្ធិគ្រប់គ្រងគ្រប់ចំណុច នៃនិយ័តកម្មរបស់យើងដោយពេញលេញ និងដោយសេរីឡើងវិញហើយ”។
ទន្ទឹមនេះ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុប ហាក់បង្ហាញការប្រុងប្រយ័ត្នច្រើនជាង។

លោកស្រីលើកឡើងយ៉ាងដូច្នេះថា “នៅចុងបញ្ចប់នៃការចរចា ដែលទទួលបានជោគជ័យ ខ្ញុំតែងតែមានអារម្មណ៍សប្បាយរីករាយ។ ប៉ុន្តែនៅថ្ងៃនេះ ខ្ញុំបែរជាមានអារម្មណ៍ស្ងប់ស្ងាត់ និយាយតាមត្រង់គឺធូរចិត្ត។ វាជាការបែកគ្នាទាំងអាល័យ”។
ប៉ុន្តែលោកស្រី ក៏បានបង្ហាញពីភាពម៉ឺងម៉ាត់របស់ខ្លួនផងដែរ។ លោកស្រីបានព្រមានថា ដោយទទួលបានការការពារដោយកិច្ចព្រមព្រៀង ពីការប្រកួតប្រជែងដោយភាពមិនត្រឹមត្រូវរបស់អង់គ្លេស “ទីផ្សាររួមតែមួយនេះ នឹងរក្សាភាពត្រឹមត្រូវ ហើយនឹងនៅតែបែបនេះរហូត”។
លើសពីនេះ លោកស្រីបានជំរុញឱ្យពលរដ្ឋអឺរ៉ុប នៅសល់ប្រមាណ៤៤០លាននាក់នៅក្នុងសហភាពអឺរ៉ុប ដែលមានប្រទេស២៧ជាសមាជិកនេះ ឈប់ប្រើអារម្មណ៍ដ្រាម៉ាឥតប្រយោជន៍ ហើយសម្លឹងឆ្ពោះទៅអនាគត។
លោកស្រីបានសង្កត់ធ្ងន់ថា “ខ្ញុំសុំនិយាយថា វាដល់ពេលដែលយើងត្រូវទុកបញ្ហាចាកចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុបមួយឡែកហើយ។ អនាគតរបស់យើងគឺសាងឡើងនៅអឺរ៉ុប”៕






