សំណង់អាគារខ្ពស់ៗចាប់ពី៥ជាន់ទៅ៥៣ជាន់ក្នុងខេត្តព្រះសីហនុកើនឡើងដល់ជិត៦០០អាគារ

0

ដោយៈ ប៊ី

ភ្នំពេញៈ កត្តាសុខសន្ដិភាពបាន និងកំពុងធ្វើឱ្យវិស័យសំណង់នៅខេត្តព្រះសីហនុមានការរីកចម្រើនពីមួយឆ្នាំទៅមួយ ខណៈសំណង់អាគារខ្ពស់ៗចាប់ពី៥ជាន់ ទៅ៥៣ជាន់ ក្នុងខេត្តព្រះសីហនុមានកើនឡើងដល់ជិត៦០០អាគារ គិតត្រឹមចុងឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុចេញផ្សាយកាលពីមិ្សលម៉ិញបានឱ្យដឹងថា សំណង់អាគារខ្ពស់ៗ ក្នុងខេត្តព្រះសីហនុចាប់ពី៥ជាន់ទៅ៥៣ជាន់ មានចំនួនសរុប៥៧៣អាគារ គិតចាប់ពីឆ្នាំ២០០៥ មកដល់ខែធ្នូ ឆ្នាំ២០២០។  ទោះបីជាយ៉ាងណារបាយការណ៍នេះមិនបានបង្ហាញទំហំទុនវិនិយោគនោះទេ។

លោកអ៊ី សុខឡេងអភិបាលក្រុងព្រះសីហនុបានថ្លែងថា ក្រុងព្រះសីហនុមានការរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារខ្ពស់ៗ ក្រោមម្លប់សន្ដិភាពនាពេលបច្ចុប្បន្ន។ លោកបន្តទៀតថា“សំណង់អគារខ្ពស់កើនឡើង នៅក្នុងក្រុងព្រះសីហនុ កើតឡើងដោយសារកត្តាសុខសន្ដិភាព”។

អភិបាលក្រុងព្រះសីហនុបានបន្ថែមថា ការដ្ឋានសំណង់ក្នុងភូមិសាស្ដ្រក្រុងក្នុងឆ្នាំ២០២០សរុបចំនួន៩៩៨ការដ្ឋាន ក្នុងនោះការដ្ឋានផ្អាកសកម្មភាពសាងសង់ចំនួន៣៦៧ ការដ្ឋានកំពុងដំណើរការសាងសង់ចំនួន៤២២ និងបានសាងសង់រួចចំនួន២០៩។

លោកបន្ដទៀតថា សម្រាប់គម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលក្រុងព្រះសីហនុ នៅក្នុងឆ្នាំ២០២០ មានគម្រោងអភិវឌ្ឍន៍ចំនួន៣គម្រោង ដែលមានទឹកប្រាក់ចំនួន២៦១លាន រៀល គិតជាដុល្លារចំនួន៦៥,២៥០ដុល្លារ។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលសង្កាត់ទាំង៤ ប្រចាំឆ្នាំ២០២០ មានផ្លូវចំនួន៧ខ្សែប្រវែងសរុប២,២៤៨ម៉ែត្រ ប្រើប្រាស់ថវិកា១,៣៦២,៩៥៨,៩៣៣រៀល។

ដោយឡែកពាក់ព័ន្ធវិស័យទេសចរណ៍វិញលោកបានបញ្ជាក់ថា ភ្ញៀវទេសចរឆ្នាំ២០២០សរុចំនួន១ ០១៨ ៩២៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន ៧៩៣ ៦០៧នាក់ និងភ្ញៀវទេសចរអន្ដរជាតិចំនួន ២២៥ ៣១៦នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here