ដោយគង់ សូរិយា
ភ្នំពេញៈ វិស័យអាកាសចរណ៍កម្ពុជា និងពិភពលោកកំពុងជួបភាពខ្មៅងងឹត ខណៈការរំពឹងលើវិស័យនេះ នឹងមានភាពប្រសើរឡើងវិញនៅឆ្នាំ២០២៣ ឬ២០២៤ ហាក់ដូចជាអស់សង្ឃឹម។

ដោយគង់ សូរិយា
ភ្នំពេញៈ វិស័យអាកាសចរណ៍កម្ពុជា និងពិភពលោកកំពុងជួបភាពខ្មៅងងឹត ខណៈការរំពឹងលើវិស័យនេះ នឹងមានភាពប្រសើរឡើងវិញនៅឆ្នាំ២០២៣ ឬ២០២៤ ហាក់ដូចជាអស់សង្ឃឹម។

អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៧ មករានេះថា ស្ថានភាពនៃការងើបឡើងវិញ របស់វិស័យអាកាសចរណ៍អាចយឺតជាងការព្យាករណ៍ ព្រោះប្រសិទ្ឋភាពវាំងសាំងប្រឆាំងមេរោគកូវីដ១៩ មិនទាន់មានភាពប្រាកដប្រជា ខណៈការរីករាលដាលជំងឺនេះនៅតែធ្ងន់ធ្ងរក្នុងពិភពលោក។
លោកបន្តថា “ទោះជាយ៉ាងណាសហគមន៍អឺរ៉ុប កំពុងតស៊ីមតិជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីឲ្យអ្នកបានចាក់វ៉ាក់សាំងរួចអាចធ្វើដំណើរបាន ប៉ុន្តែ WHO បានបដិសេធ” ។ លោកបន្តថា “ប្រសិនជាអឺរ៉ុប អាចទទួលបានការយល់ព្រមពីអង្គការសុខភាពពិភពលោក គឺតំបន់អាស៊ានក៏អាចអនុវត្តន៍បានដូចគ្នា ប៉ុន្តែវាត្រូវការពេលវេលា” ។
លោកស៊ិន ចាន់សិរីវុត្ថា បានបន្តទៀតថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា នៅតែបើកចំហឲ្យមានការហោះហើរត្រង់ពីប្រទេសដទៃ ប៉ុន្តែអ្នកដំណើរត្រូវធ្វើចត្តាឡីស័ក្តិរយៈពេល១៤ថ្ងៃ និងស្នាក់នៅសណ្ឋាគារ តាមការកំណត់របស់ក្រសួងសុខាភិបាល” ។ លោកបន្តថា “បញ្ហានេះក្រសួងទេសចរណ៍ ជាអ្នកធ្វើការជាមួយក្រសួងសុខាភិបាលថា តើអ្នកទេសចរ ណ៍ឬអ្នកដំណើរអាចជ្រើសរើសសណ្ឋាគារ ដែលពួកគេចង់ស្នាក់នៅបានឬអត់ផងដែរ” ។
បច្ចុប្បន្នប្រទេសចិនបានធ្វើចត្តាឡីស័ក្តិ លើអ្នកធ្វើដំណើរកើនឡើងដល់រយៈពេល២៨ថ្ងៃ ក្នុងនោះ២១ថ្ងៃស្នាក់នៅកន្លែងដែលរៀបចំដោយរដ្ឋាភិបាល និងរយៈពេល៧ថ្ងៃស្នាក់នៅផ្ទះ ដោយមិនអនុញ្ញាត្តឲ្យមានការជួបប្រាស្រ័យ ទាក់ទងជាមួយអ្នកខាងក្រៅ ខណៈរដ្ឋាភិបាលកម្ពុជា កំណត់ចត្តាឡីស័ក្តិលើអ្នកដំណើរត្រឹម១៤ថ្ងៃប៉ុណ្ណោះ។
លោកស៊ិន ចាន់សិរីវុត្ថា បានបន្តទៀតថា ការព្យាករណ៍ពីអ្នកជំនាញលើកដំបូងគឺរំពឹងថា វិស័យអាកាសចរណ៍នឹងអាចងើបឡើងវិញនៅឆ្នាំ២០២៣ ឬ២០២៤ខាងមុខ ប៉ុន្តែបើស្ថានភាពនៅតែមានសភាពដូចបច្ចុប្បន្ន វិស័យអាកាសចរណ៍នឹងងើបឡើងវិញនៅឆ្នាំ២០២៥ ឬ២០២៦ខាងមុខ។ ប៉ុន្តែយ៉ាងណាអ្វីៗអាស្រ័យលើប្រសិទ្ឋភាពនៃវ៉ាក់សាំង និងវិធានការណ៍ដាក់ចេញដោយរដ្ឋាភិបាលប្រទេសនិមួយៗ” ៕