វិស័យ​អាកាសចរណ៍​កម្ពុជា​នៅ​បន្ត​ជួប​ភាព​ខ្មៅ​ងងឹត ខណៈ​អឺរ៉ុប​កំពុង​តស៊ូ​មតិ​ជាមួយ​WHO ដើម្បី​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​អាចធ្វើ​ដំណើរ​បាន

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ វិស័យ​អាកាសចរណ៍​កម្ពុជា និង​ពិភពលោក​កំពុង​ជួប​ភាព​ខ្មៅ​ងងឹត ខណៈ​ការរំពឹង​លើ​វិស័យនេះ នឹងមាន​ភាពប្រសើរឡើង​វិញ​នៅ​ឆ្នាំ២០២៣ ឬ២០២៤ ហាក់ដូចជា​អស់សង្ឃឹម។

អនុរដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក​ស៊ិន ចាន់​សិរី​វុត្ថា បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៧ មករា​នេះ​ថា ស្ថានភាព​នៃ​ការ​ងើបឡើង​វិញ របស់​វិស័យ​អាកាសចរណ៍​អាច​យឺត​ជាង​ការព្យាករណ៍ ព្រោះ​ប្រ​សិ​ទ្ឋ​ភាព​វាំង​សាំង​ប្រឆាំង​មេរោគ​កូ​វីដ១៩ មិនទាន់មាន​ភាពប្រាក​ដ​ប្រជា ខណៈ​ការរីក​រាលដាល​ជំងឺ​នេះ​នៅតែ​ធ្ងន់ធ្ងរ​ក្នុង​ពិភពលោក។

លោក​បន្តថា “ទោះជា​យ៉ាងណា​សហគមន៍​អឺរ៉ុប កំពុងត​ស៊ី​មតិ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ឲ្យ​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​អាចធ្វើ​ដំណើរ​បាន ប៉ុន្តែ WHO បាន​បដិសេធ” ។ លោក​បន្តថា “ប្រសិនជា​អឺរ៉ុប អាច​ទទួលបាន​ការយ​ល់​ព្រម​ពី​អង្គការ​សុខភាព​ពិភពលោក គឺ​តំបន់​អាស៊ាន​ក៏​អាចអនុវត្ត​ន៍​បាន​ដូចគ្នា ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា” ។

លោក​ស៊ិន ចាន់​សិរី​វុត្ថា បាន​បន្តទៀតថា បច្ចុប្បន្ន​រដ្ឋាភិបាល​ក​ម្ពុ​ជា នៅតែ​បើកចំហ​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​ប្រទេស​ដទៃ ប៉ុន្តែ​អ្នកដំណើរ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក្តិ​រយៈពេល១៤ថ្ងៃ និង​ស្នាក់នៅ​សណ្ឋាគារ តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល” ។ លោក​បន្តថា “បញ្ហា​នេះ​ក្រសួងទេសចរណ៍ ជា​អ្នកធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល​ថា តើ​អ្នកទេសចរ ណ៍​ឬ​អ្នកដំណើរ​អាច​ជ្រើសរើស​សណ្ឋាគារ ដែល​ពួកគេ​ចង់​ស្នាក់​នៅបាន​ឬ​អត់​ផងដែរ” ។

បច្ចុប្បន្ន​ប្រទេស​ចិន​បានធ្វើ​ច​ត្តា​ឡី​ស័ក្តិ លើ​អ្នកធ្វើដំណើរ​កើន​ឡើងដល់​រយៈពេល២៨ថ្ងៃ ក្នុងនោះ២១ថ្ងៃ​ស្នាក់នៅ​កន្លែង​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល និង​រយៈពេល៧ថ្ងៃ​ស្នាក់​នៅផ្ទះ ដោយ​មិន​អនុ​ញ្ញា​ត្ត​ឲ្យ​មាន​ការជួប​ប្រាស្រ័យ ទាក់ទង​ជាមួយ​អ្នក​ខាងក្រៅ ខណៈ​រដ្ឋាភិបាល​កម្ពុជា កំណត់​ច​ត្តា​ឡី​ស័ក្តិ​លើ​អ្នកដំណើរ​ត្រឹម១៤ថ្ងៃ​ប៉ុណ្ណោះ។

លោក​ស៊ិន ចាន់​សិរី​វុត្ថា បាន​បន្តទៀតថា ការព្យាករណ៍​ពី​អ្នកជំនាញ​លើកដំបូង​គឺ​រំពឹងថា វិស័យ​អាកាសចរណ៍​នឹង​អាច​ងើបឡើង​វិញ​នៅ​ឆ្នាំ២០២៣ ឬ២០២៤ខាងមុខ ប៉ុន្តែ​បើ​ស្ថានភាព​នៅតែមាន​សភាព​ដូច​បច្ចុប្បន្ន វិស័យ​អាកាសចរណ៍​នឹង​ងើប​ឡើងវិញ​នៅ​ឆ្នាំ២០២៥ ឬ២០២៦ខាងមុខ។ ប៉ុន្តែ​យ៉ាងណាអ្វីៗអាស្រ័យ​លើ​ប្រ​សិ​ទ្ឋ​ភាព​នៃ​វ៉ាក់សាំង និង​វិធានការណ៍​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ប្រទេស​និមួយៗ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here