ដោយៈ រ៉ាណេត
ភ្នំពេញៈ យោងតាមរបាយការណ៍នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងទទួលយកភាពជឿនលឿន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានប្រើប្រាស់ជាមធ្យោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ក៏ដូចជាសម្រួលដល់ដំណើរការអាជីវកម្ម ពាណិជ្ជកម្មនៅក្នុងវិស័យឯកជនផងដែរ។

-->
យោងរបាយការណ៍ចេញផ្សាយដោយ Hootsuite បានបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២០ ដើមឆ្នាំ២០២១ កម្ពុជាមានក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត ប្រមាណ ៤៧ក្រុមហ៊ុន។ ចំណែកតួរលេខនៃការប្រើប្រាស់អ៊ីនធឺណិតមាន ៨,៨៦លាននាក់ (៥២,៦ភាគរយ) អ្នកប្រើប្រាស់បណ្តាញសង្គមមានចំនួន ១២លាននាក់ (៧១,៣ភាគរយ) ចំណែកការប្រើប្រាស់កាតទូរស័ព្ទ មានប្រមាណ២១,១៨លានស៊ីម ស្មើនឹង១២៥,៨ភាគរយ ប្រៀបធៀបនឹងចំនួនសរុបនៃប្រជាជនកម្ពុជា។
បន្ថែមលើការប្រើប្រាស់បណ្តាញអ៊ីនធឺណិត តាមរយៈការស្រាវជ្រាវលើប្រព័ន្ធស្វែងរកឧបករណ៍បច្ចេកវិទ្យា (Internet of Things – IoT របស់កម្មវិធី Censys និង Shodan) បង្ហាញថាកម្ពុជាមានអាសយដ្ឋានអាយភី (Public IP Addresses) តភ្ជាប់អ៊ីនធឺណេតប្រមាណ១៨២.៧៦៤ អាយភី នៅតាមបណ្តារាជធានីខេត្ត។
បើក្រឡេកមកមើលការវិវឌ្ឍនៃបដិវត្តន៍ឧស្សាហកម្មទី៤.០(Industry 4.0) ការរីកលូតលាស់នៃបណ្តាញអ៊ីនធឺណេត ប្រព័ន្ធទិន្នន័យធំ (Big Data) ប្រព័ន្ធ Cloud Computing បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ការចាប់យកប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យា ក្នុងការពង្រឹងគុណភាពសេវាសាធារណៈ និងបច្ចេកវិទ្យាឌីជីថលជាច្រើនទៀត បានជម្រុញព្រះរាជាណាចក្រកម្ពុជា ឈានជើងចូលក្នុងយុគ្គសម័យសេដ្ឋកិច្ចឌីជីថល (Digital Economy) និងរដ្ឋាភិបាលឌីជីថល (Digital Government)។ ការផ្លាស់ប្តូរមកមកប្រើប្រាស់ប្រព័ន្ធ ឌីជីថល នឹងផ្តល់ជាគុណប្រយោជន៍បន្ថែមថ្មី ដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា ហើយក៏បានជម្រុញឲ្យការរស់នៅ របស់ពលរដ្ឋកម្ពុជាកាន់តែមានភាពងាយស្រួលផងដែរ។

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងទៀតថា ដើម្បីធានាបាននូវសុខមាលភាពនៃបច្ចេកវិទ្យា និងការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព គាំទ្រសេដ្ឋកិច្ចឌីជីថល (Digital Economy) រដ្ឋាភិបាលឌីជីថល (Digital Government) និងបង្កើនប្រសិទ្ធភាពក្នុងការតភ្ជាប់ ប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា ទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក រាជរដ្ឋាភិបាលកម្ពុជាកំពុង បន្តខិតខំបង្កើតនូវគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគត្តិយុត្តផ្សេងៗ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា៕