ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍បាន សម្រួលនីតិវិធីដោយកាត់បន្ថយឯកសារ តម្រូវសម្រាប់ពាក្យស្នើសុំ និងកាត់បន្ថយរយៈពេល នៃការផ្តល់អាជ្ញាបណ្ណច.ប.ផមកនៅត្រឹម៥ថ្ងៃនៃថ្ងៃធ្វើការ ក្នុងករណី ដែលមានសំណុំឯកសារត្រឹមត្រូវគ្រប់គ្រាន់។
ទន្ទឹមនឹងនេះ ពាក្សស្នើសុំតែមួយអាចប្រើប្រាស់ សម្រាប់ការចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ ហើយអាជ្ញាបណ្ណច.ប.ផ. មានសុពលភាពរយៈពេល៣ឆ្នាំ។
-->
អ្នកផលិត និងអ្នកនាំចូល ក៏មានជម្រើសក្នុងការយកផលិតផលរបស់ខ្លួនទៅធ្វើតេស្ត នៅមន្ទីរពិសោធន៍ដោយខ្លួនឯង សម្រាប់ភ្ជាប់ជាមួយពាក្យស្នើសុំ ដោយមិនចាំបាច់ធ្វើតេស្តតាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជាឡើយ។ សម្រាប់យុទ្ធនាការនេះ ក្រសួងបានចាត់វិទ្យាស្ថានស្តង់ដារកម្ពុជា ឱ្យរៀបចំក្រុមការងារពិសេស ដើម្បីផ្តល់ប្រឹក្សា និងការណែនាំបច្ចេកទេសសម្រាប់វិស័យឯកជន។
លោករដ្ឋមន្រ្តីលោកហែម វណ្ឌី រដ្ឋមន្រ្តីក្រសូងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍បានលើកទឹកចិត្តឱ្យអ្នកផលិត និងអ្នកនាំចូល ដាក់ពាក្យដោយផ្ទាល់ មកវិទ្យាស្ថានស្តង់ដារកម្ពុជា និងកាត់បន្ថយការប្រើសេវាអ្នករត់ការ ដែលអាចនាំឱ្យការចំណាយ លើការចុះបញ្ជីផលិតផលកើនឡើងខ្ពស់។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏អំពាវនាវដល់អ្នកផលិត និងអ្នកនាំចូលទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវក្នុងប្រតិបត្តិការអាជីវកម្ម តាមរយៈការចុះបញ្ជីផលិតផលដោយលើកឡើងថា គុណតម្លៃទាំងនេះគឺជាមូលដ្ឋាន សំខាន់សម្រាប់ជោគជ័យរយៈពេលវែងរបស់អាជីវកម្ម និងការអភិវឌ្ឍជាតិ។
ទន្ទឹមនឹងនេះ លោកក៏លើកទឹកចិត្ត ឱ្យអតិថិជនប្រើប្រាស់អំណាចទិញរបស់ខ្លួន ដើម្បីជំរុញឱ្យអ្នកផលិត និងអ្នកនាំចូលប្រកាន់គោលការណ៍ដូចគ្នា តាមរយៈការទិញនិងប្រើប្រាស់តែផលិតផល ដែលបានចុះបញ្ជីត្រឹមត្រូវ។
កន្លងមក ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្សព្វផ្សាយបញ្ជី ច.ប.ផ. នៅលើគេហទំព័ររបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអ្នកចែកចាយងាយស្រួលផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃផលិតផល។
ឌីជីថលូបនីយកម្មនៃសេវាសាធារណៈ របស់ក្រសួងនឹងរួមបញ្ចូលប្រព័ន្ធចុះបញ្ជី ផលិតផលអនឡាញពេញលេញ ក្នុងឆ្នាំ២០២៦ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយឯកសារតម្រូវ និងការជួបផ្ទាល់ ដែលនឹងធ្វើឱ្យដំណើរការស្នើសុំអាជ្ញបណ្ណ ច.ប.ផ. កាន់តែឆាប់រហ័ស មានតម្លាភាព និងកាត់បន្ថយការពឹងផ្អែកលើសេវាអ្នករត់ការ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ។ យុទ្ធនាការនេះនឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃ និងការគាំទ្រពិសេសសម្រាប់ទាំងអ្នកផលិតក្នុងស្រុក និងក្រុមហ៊ុននាំចូលផលិតផល។
យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ២ពាន់នាក់ រួមទាំងសហគ្រាសផលិតក្នុងស្រុកចំនួន១៩ ក្រុមហ៊ុននាំចូលចំនួន៦ ក្រុមហ៊ុនដំឡើងរថយន្តចំនួន៣ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន។

ក្នុងយុទ្ធនាការនេះ សហគ្រាសផលិត និងក្រុមហ៊ុននាំចូលដែលចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ នឹងទទួលបានការលើកទឹកចិត្តពិសេស គឺការបញ្ចុះតម្លៃ១០% សម្រាប់ការចុះបញ្ជីផលិតផលពី ៥-១៩ មុខ១៥% សម្រាប់ការចុះបញ្ជីផលិតផលពី២០-៤៩ និង ២០% សម្រាប់ការចុះបញ្ជីផលិតផលលើសពី៥០មុខ ក្នុងពេលតែមួយ។
លោកហែម វណ្ឌីបានបញ្ជាក់ថា “ការចុះបញ្ជីផលិតផលមិនមែនជាការងារថ្មី ឬបន្ទុកបន្ថែមសម្រាប់អាជីវកម្មទេ ប៉ុន្តែយុទ្ធនាការនេះកើតចេញពីឆន្ទៈ ក្នុងការកែលម្អសេវា និងការគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដរបស់ក្រសួង”។
លោកបញ្ជាក់ថា “យុទ្ធនាការពេលនេះគឺទាន់ពេល ត្រូវកាលៈទេសៈ និងឆ្លើយតបផ្ទាល់ទៅនឹងកង្វល់ និងសំណូមពររបស់ទីផ្សារ ទាំងអ្នកផលិត និងអ្នកប្រើប្រាស់ក៏ដូចជា ការវិវត្តនៃសភាពការណ៍ពាណិជ្ជកម្ម”។
ការចុះបញ្ជីផលិតផលគឺជានីតិវិធីដែលផ្តល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទនិងគ្រប់ទម្រង់ ដោយអនុលោមតាមស្តង់ដារកម្ពុជាCS001-2000ស្តីពី ការដាក់ស្លាកផលិតផល។ សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាព និងលទ្ធភាពស្វែងរកប្រភពទំនិញ និងម្ចាស់ស្របច្បាប់របស់ផលិតផល។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ វិទ្យាស្ថានស្តង់ដារកម្ពុជាបានចុះបញ្ជីផលិតផលចំនួន៩.៥៣៥ ដែលជាចំនួនតិចនៅឡើយ បើធៀបនឹងចំនួនផលិតផល ដែលកំពុងចរាចរនៅលើទីផ្សារ ហើយក្រសួងកំពុងរៀបចំយន្តការបន្ថែម ដោយសម្រួលនីតិវិធី និងកាត់បន្ថយចំណាយ ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើន ពីអ្នកផលិត និងអ្នកនាំចូលទំនិញ៕
