ឯកអគ្គរដ្ឋទូតចិនមានសុទិដ្ឋិនិយមពីផ្លែស្វាយកម្ពុជានឹងមានទីផ្សារខ្ពស់នៅប្រទេសចិន

0

ដោយៈគង់ សូរិយា

          ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានសុទិដ្ឋិនិយមដោយសង្ឃឹមថា ផ្លែ​ស្វាយ​កម្ពុជានឹងមានទីផ្សារល្អនៅប្រទេសចិន ដូចចេកអំបូងលឿងដែលកំពុងទទួលបានការគាំទ្រនៅប្រទេសចិនផងដែរ។

លោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន បានមានប្រសា​សន៍នៅក្នុងពិធីសម្ពោធ ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ដោយផ្ទាល់ទៅកាន់ប្រទេសចិនជាផ្លូវការ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះថា តាមរយៈការបើកចំហក្នុងទីផ្សារប្រទេសចិន សម្រាប់ផ្លែស្វាយកម្ពុជានឹងមានកំណើន ក្នុងការអភិវឌ្ឍន៍ខ្លាំងដូចដំណាំចេកជាមិនខាន ដោយសារប្រទេសចិនមានតម្រូវការទីផ្សារច្រើន និងមានផលិតភាពកសិកម្មយ៉ាងជឿនលឿន។

លោកបន្តថា “ប្រទេសចិនបានក្លាយជាទីផ្សារនាំចេញដ៏ធំបំផុត សម្រាប់ប្រទេសកម្ពុជា។ ក្រោយពីមានការជោគជ័យ ក្នុងការនាំចេញដំណាំចេកកម្ពុជា ទៅកាន់ប្រទេសចិន ផលិតកម្មដំណាំចេកនៅកម្ពុជាមានការអភិវឌ្ឍខ្លាំង”។លោកបន្តថា “បរិមាណក្នុងការនាំចេញ មានការកើនឡើងដោយចាប់ពី១ម៉ឺនតោន ក្នុងឆ្នាំ២០១៨ រហូតដល់៣៣ម៉ឺនតោន ក្នុងឆ្នាំ២០២០”។

លោកវ៉ាន វិនធានបានបន្តថា ក្រោមការខិតខំរួមគ្នារវាងប្រទេសទាំងពីរ ផលិតកសិកម្មកម្ពុជា នឹងមានគុណភាពខ្ពស់កាន់តែច្រើនថែមទៀត នឹងអាចនាំចេញទៅកាន់ប្រទេសចិន។ លើសពីនេះទៀត នឹងអាចឈានដល់ដំណើរការថ្មីមួយទៀត ដែលអាចជួយដល់ការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ទៀតថា បើទោះបីជាជួបវិបត្ដិកូវីដ១៩យ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ដ្រីតេជោ ហ៊ុន សែន វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា សម្រេចបានកំណើនកើនឡើង នៅក្នុងឆ្នាំ២០២០។លោកបន្តថា កសិ​កម្មជាវិស័យដ៏សំខាន់មួយ និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ ហើយផលិត​ផលកសិកម្មរបស់ កម្ពុជាមានលក្ខណៈសំបូរបែប និងមានគុណភាពខ្ពស់ ដូចជា៖ អង្ករក្រអូប, ទុរេនកំពត, ម្រេចកំពត, ក្រូចថ្លុងក្រចេះ និងស្ករត្នោតកំពង់ស្ពឺ ជាដើម -ល-។ សុទ្ធតែមានតម្រូវការនៅក្នុងប្រទេសចិន។

ជាមួយគ្នានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា នៅឆ្នាំដំបូងនេះ កម្ពុជារំពឹងថា នឹងនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិនប្រមាណ១០ម៉ឺនតោន ដែលស្មើនឹងចំណូលចំនួន១០០លានដុល្លារ។

លោកបន្តថា “ការនាំចេញក្នុងបរិមាណ១០ម៉ឺនតោន នៅឆ្នាំដំបូងនេះ គឺចំណុចចាប់ផ្តើមប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំបន្ទាប់លោកជឿជាក់ថា បរិមាណនឹងមានការកើនឡើងច្រើន ហើយរោងចក្រវេចខ្ចប់ថ្មីៗប្រមាណ១០រោងចក្រទៀត នឹងរួចរាល់ដាក់ឲ្យដំណើរការផងដែរ”។

ប្រទេសកម្ពុជាគិតត្រឹមឆ្នាំ២០២០ ផ្ទៃដីដាំដុះស្វាយមានការកើនឡើងរហូតដល់ជាង១៣ម៉ឺនហិកតា ដែលអាចទទួលផលចន្លោះពី១.៦លានតោន ដល់១.៧លានតោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here