ទំហំនៃការលក់កំពូលនាវាកម្សាន្តកើនទឹកប្រាក់រាប់ពាន់លានដុល្លារ ខណៈ ក្រុមសេដ្ឋីគេចពីវិបត្តិកូវីដ-១៩

0

ដោយៈសុខុម
ក្រុងឡុងដ៍: ក្រុមមហាសេដ្ឋី ឬអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ បានចំណាយប្រាក់រហូតដល់ទៅប្រមាណ២ពាន់លានដុល្លារអាមេរិក គិតត្រឹមដើមឆ្នាំ២០២១នេះ ខណៈពួកគេព្យាយាមរត់គេចពីការបិទខ្ទប់ទីក្រុង និងការរឹតបន្តឹងការធ្វើដំណើរ ក្នុងវិធានការទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី១៩ ឧសភា នេះ។

ទស្សនាវដ្ដីអង់គ្លេស Boat International ដែលចុះផ្សាយអំពីកំពូលនាវាកម្សាន្ត និងជីវិតឡូយឆាយ របស់ក្រុមអ្នកមានបានលើកឡើងថា កំណើននៃការលក់កំពូលនាវាកម្សាន្តនេះ អាចធ្វើឱ្យឆ្នាំ២០២១ក្លាយជាឆ្នាំ ដែលលក់នាវាកម្សាន្ដដាច់បំផុតទាក់ទិននឹងការលក់នាវាកម្សាន្តមួយទឹក។

ទោះជាយ៉ាងណា អង្គការOxfam បានបញ្ចេញទស្សនៈថា វាជារឿងដ៏អាម៉ាស់ដែលលុយយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ មិនត្រូវបានចំណាយលើវ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ អង្គការមនុស្សធម៌នេះ បានគូសបញ្ជាក់ថា សម្រាប់ថ្លៃចំណាយទៅលើកំពូលនាវាកម្សាន្តទាំងនោះ គឺល្មមគ្រប់គ្រាន់សម្រាប់ទិញវ៉ាក់សាំងចាក់ឱ្យពលរដ្ឋនេប៉ាល់បានគ្រប់គ្នា។

អង្គការ Oxfamបានលើកឡើងទៀតថា និន្នាការឈានទៅរករកការទិញកំពូលនាវាកម្សាន្ត ដែលបានចាប់ផ្ដើមកាលពីរដូវក្ដៅមុននេះ ធ្វើឱ្យ”កំពូលនាវាកម្សាន្តលក់ដាច់បំផុតមិនធ្លាប់មាន”។

ទស្សនាវដ្ដីអង់គ្លេស ដដែលបានគូសបញ្ជាក់ថា កំពូលនាវាកម្សាន្តត្រូវបានកំណត់ថា ជានាវាដែលមានប្រវែង វែងជាង២៤ម៉ែត្រឡើងទៅ និងត្រូវការក្រុមនាវិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here