ការញ័ររង្គើរអគារខ្ពស់កប់ពពកនៅប្រទេសចិន ធ្វើឲ្យមនុស្សផ្អើលរត់ជាន់គ្នាបណ្ដាលឱ្យ អាមេរិកចេញការព្រមានភ្លាមៗ

0

ដោយៈសុខុម
សៀងហៃ: ស្ថានកុងស៊ុលអាមេរិក ប្រចាំនៅប្រទេសចិន បានចេញការព្រមានជុំវិញអគារខ្ពស់កប់ពពកមួយនៅក្រុងស៊ឹនជិន (Shenzhen) ដែលនៅសុខៗស្រាប់តែរង្គើយ៉ាងចម្លែកបង្កការភ្ញាក់ផ្អើលរត់ជាន់គ្នា ហើយបានជំរុញឱ្យពលរដ្ឋអាមេរិក ចៀសវាងកុំចូលអគារនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets។

ស្ថានកុងស៊ុលនៅក្រុងគ័ងចូវ (Guangzhou) នេះបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ទី១៩ ឧសភាថា ការព្រមានទាក់ទិនអគារ SEG Plaza នឹងនៅជាធរមានរហូតដល់មានការជូនដំណឹងជាថ្មី។ ស្ថានកុងស៊ុលដដែលបានបន្ថែមទៀតថា ពលរដ្ឋអាមេរិក ក៏ត្រូវជៀសវាងតំបន់ជុំវិញអគារនេះផងដែរ។

ជាការឆ្លើយតបជុំវិញករណីបង្កការភ្ញាក់ផ្អើលនេះ ក្រុមហ៊ុនShenzhen Electronics Group Co ដែលជាម្ចាស់អគារនេះបានចេញមុខបកស្រាយថា អ្នកជួលនៅក្នុងអគារនេះមានអារម្មណ៍ថា អគារនេះរញ្ជួយនៅម៉ោង១២ និង៣១នាទីថ្ងៃត្រង់កាលពីថ្ងៃអង្គារ ទី១៨ឧសភា ហើយការគណៈគ្រប់គ្រងអគារ ក៏បានរៀបចំការជម្លៀសមនុស្សចេញភ្លាមៗ។

សេចក្តីថ្លែងការណ៍មួយបង្ហោះលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យរកមិនឃើញមានស្នាមដីប្រេះ ឬប្រេះជញ្ជាំងអគារឡើយ។

ការិយាល័យគ្រប់គ្រងគ្រោះអាសន្នក្រុងស៊ឹនជិន (Shenzhen Emergency Management Bureau) បានបញ្ជាក់ថា គ្មានការរញ្ជួយដីណាមួយបានកើនឡើងនៅក្នុងទីក្រុងនេះទេ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Shenzhen SEG Co ដែលជាម្ចាស់ភាគហ៊ុនកាន់កាប់ក្រុមហ៊ុន Shenzhen Electronics Group បានដាំក្បាលចុះ៦,៥%ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្លាក់មកដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ខែ។ ភាគហ៊ុនក្រុមហ៊ុននេះបានដាំក្បាលចុះ១៦%ក្នុងឆ្នាំនេះ។

យោងតាមគេហទំព័ររបស់ SEGឱ្យដឹងថា អគារដែលមានបញ្ហានេះមានកម្ពស់៧២ជាន់ពីលើផ្ទៃដី និង៤ជាន់ទៀតនៅក្រោមដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here