ដោយៈសុខុម
អាស៊ានៈ ទ្វីបអាស៊ី ដែលដឹកនាំដោយមហាយក្សចិន គឺជាតំបន់ទី១លើពិភពលោកដែលសេដ្ឋកិច្ច បានងើបឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយនៅថ្ងៃទី២១ ឧសភា នេះ។
ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ រដ្ឋាភិបាលនានាក្នុងតំបន់អាស៊ាន និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗទៀត បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមការវិនិយោគជុំថ្មីលើហេដ្ឋារចនាសម្ព័ន្ធ។
-->
ទន្ទឹមនឹងការជួយបង្កើតការងារ និងបង្កើនផលិតភាព ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដោយប្រយ័ត្នប្រយែងមានឥទ្ធិពលយ៉ាងខ្លាំងក្លា ដោយជំរុញកំណើនសេដ្ឋកិច្ចដល់ទៅ២,៧ដង ដោយផ្អែកលើទិន្នន័យ ពីបណ្ដាប្រទេសអភិវឌ្ឍន៍ដូចជាសហរដ្ឋអាមេរិក ជាដើម។
ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព កាន់តែខ្ពស់ក៏ជះឥទ្ធិពលជាវិជ្ជមាន លើវិស័យសុខាភិបាល និងវិស័យអប់រំផងដែរ។

នៅក្នុងកញ្ចប់ថវិការបស់ខ្លួន រដ្ឋាភិបាលសិង្ហបុរី បានបង្ហាញផែនការចំណាយធំៗ រយៈពេលវែងទៅលើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងប្រព័ន្ធផ្លូវដែករបស់ប្រទេសនេះ សម្រាប់ដឹកអ្នកដំណើរផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាម បានប្រកាសគម្រោងដឹកជញ្ជូនធំៗចំនួន រួមមានទាំងផ្លូវល្បឿនលឿន North-South Expressway តម្លៃ៥ពាន់លានដុល្លារអាមេរិក ផងដែរ។ ប្រទេសនេះ ក៏បានដាក់ចេញច្បាប់មួយស្ដីពី ការចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជនកាលពីដើមឆ្នាំនេះផងដែរដើម្បីជំរុញការវិនិយោគ។
លទ្ធផលមួយ ក្នុងចំណោមលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ ដែលទទួលបានពីវិបត្តិកូវីដ-១៩ គឺកំណើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដោយអាស៊ានទទួលបានអ្នកប្រើប្រាស់អ៊ីនធឺណេតថ្មីៗ រហូតដល់ទៅ៤០លាននាក់ក្នុងឆ្នាំ២០២០។

យោងតាមការសិក្សាថ្មី ដែលធ្វើឡើងដោយក្រុមហ៊ុន Google ក្រុមហ៊ុន Temasek និងក្រុមហ៊ុន Bain & Company ឱ្យដឹងថា សេដ្ឋកិច្ចអ៊ីនធឺណេតក្នុងតំបន់អាស៊ាន ដែលរួមបញ្ចូលទាំងអាជីវកម្មតាមអនឡាញ ឬ E-commerceផង អាចនឹងមានទំហំលើសពី៣០០ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥។
ការប្រើប្រាស់អ៊ីនធឺណេត បានកើនឡើងខ្លាំងទាំងនៅផ្ទះ និងនៅកន្លែងធ្វើការ ហើយអាជីវកម្មតាមអនឡាញ ក៏មានសន្ទុះខ្លាំងគួរឱ្យភ្ញាក់ផ្អើល ដោយសារការរឹតបន្តឹងការធ្វើដំណើរ និងការប្រាស្រ័យទំនាក់ទំនងគ្នាដោយផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

និន្នាការនេះបង្ហាញយ៉ាងច្បាស់ថា តម្រូវការហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជាមជ្ឈមណ្ឌលទិន្នន័យ និងអង់តែនទូរគមនាគមន៍ជាដើម បានកើនឡើងខ្លាំងនៅក្នុងតំបន់អាស៊ាន។ តម្រូវការនេះ នឹងកើនឡើងបន្ថែមទៀត ដោយសារ
ការចែកចាយបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿន5Gដែលគេរំពឹងថា នឹងកើតឡើងនៅទូទាំងតំបន់អាស៊ាន ក្នុងរយៈពេល៤ទៅ៥ឆ្នាំខាងមុខ៕