ដោយៈសុខុម
ប្រទេសចិនៈ លោកYuan Zhiming ប្រធានមន្ទីរពិសោធន៍សុវត្ថិភាពជីវសាស្ត្រជាតិក្រុងវូហាន (Wuhan National Biosafety Laboratory) នៃវិទ្យាស្ថានស្រាវជ្រាវអំពីវីរុសក្រុងវូហាន (Wuhan Institute of Virology) បានច្រានចោលរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលអះអាងដោយគ្មានមូលដ្ឋានថា បុគ្គលិកនៅវិទ្យាស្ថាននេះ ធ្លាក់ខ្លួនមានជំងឺដោយសារវីរុសកូវីដ-១៩។
ប្រធានវិទ្យាស្ថានរូបនេះ បានប្រាប់កាសែតចិន Global Times នៅថ្ងៃច័ន្ទ ទី២៤ ឧសភា នេះថា ការចុះផ្សាយរបស់កាសែតអាមេរិក The Wall Street Journal ដែលលើកឡើងថា អ្នកស្រាវជ្រាវ៣នាក់មកពីមន្ទីរពិសោធន៍ខាងលើ បានធ្លាក់ខ្លួនមានជំងឺពាក់ព័ន្ធនឹងកូវីដ-១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ គឺគ្មានមូលដ្ឋានឡើយ។
លោកYuan Zhiming និយាយថា “ខ្ញុំបានអានព័ត៌មាននោះហើយ ហើយវាជាព័ត៌មានភូកកុហកទាំងស្រុង” នៅពេលកាសែតGlobal Times សាកសួរនៅព្រឹកថ្ងៃច័ន្ទ នេះអំពីការចុះផ្សាយរបស់កាសែត The Wall Street Journal ដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍មុនដោយដាក់ចំណងជើងថា “Intelligence on Sick Staff at Wuhan Lab Fuels Debate on COVID-19 Origin” (ព័ត៌មានស៊ើបការណ៍សម្ងាត់អំពីបុគ្គលិកធ្លាក់ខ្លួន មានជំងឺក្នុងពេលពិភាក្សា នៅមន្ទីរពិសោធន៍ក្រុងវូហាន អំពីប្រភពដើមនៃវីរុសកូវីដ-១៩)។
របាយការណ៍នេះលើកឡើងថា អ្នកស្រាវជ្រាវប៉ុន្មាននាក់នៅមន្ទីរពិសោធន៍នោះបានធ្លាក់ខ្លួន មានជំងឺនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០១៩ ដោយមានអាការៈរោគសញ្ញាដូចទាំងកូវីដ-១៩ និងគ្រុនផ្ដាសាយធម្មតា។