ដោយៈគង់ សូរិយា
ភ្នំពេញៈ សហស្ថាបនិកអគ្គនាយកនៃគេហទំព័រPropertyarea.asia បានចូលរួមចែករំលែកទស្សនទាន នៃការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យកិច្ចប្រជុំអន្តរជាតិ តាម រយៈប្រព័ន្ឋZoom ក្នុងកម្មវិធីRainmaking Cambodia 2021។

វេទិកា Rainmaking Cambodia 2021 រៀបចំដោយស្ថាប័នអន្តរជាតិធំៗ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ខាងមុខ ដើម្បីពិភាក្សាពីការអភិវឌ្ឍសេដ្ឋកិច្ច និងអចលនទ្រព្យនាពេលអនាគតនៅកម្ពុជា។
-->
កិច្ចពិភាក្សានេះដែលមានពីរលើកនេះ មានការចូលរួមពីលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកRose Wheble នាយកប្រចាំប្រទេសនៃក្រុមហ៊ុនKnight Frank Cambodia លោកយក់ សុធីរិទ្ឋនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនWorldbridge Home លោកយិន លាងគង់សហស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រPropertyararea.asia និងCambodiafinancialtimes.com។

ព្រឹត្តិការណ៍ Rainmaking Cambodia ត្រូវបានរៀបចំឡើងដោយGood City Foundation and InvesHK និងនាយកដ្ឋានវិនិយោគទុនផ្ទាល់បរទេស នៃរដ្ឋបាលស្វយ័តហុងកុង ក្នុងកម្មពិធី StartmeupHK នាពេលខាងមុខនេះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា និងមានការគាំទ្រពីតំណាង និងសមាជិកនៃវេទិកាផ្លាស់ប្តូរទីក្រុង និងទីក្រុង នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសចិន និងអាស៊ាន (loT and Urban Transformation Platform of the World Economic Forum in China and ASEAN)។
កម្មពិធីសហការបង្កើតតម្លៃរួម នៃអចលនទ្រព្យប្រកបដោយនិរន្តរភាពនៅកម្ពុជា (Co-Creating Common Values of Sustainable Real Estate in Cambodia) នឹងដើរតួនាទីជាប្រធានបទសំខាន់នៃ Rainmaking Cambodia 2021ដែលព្រឹត្តិការណ៍នេះនឹងផ្តោតលើកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពី និន្នាការអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ចចុងក្រោយរបស់ប្រទេសកម្ពុជា។
កម្មពិធីនេះ ក៏នឹងស្វែងយល់ពីការអភិវឌ្ឍអចលនទ្រព្យ នាពេលអនាគត ដូចជាការវិនិយោគអចលនទ្រព្យឆ្លាតវៃ និងហិរញ្ញប្បទានប្រកបដោយចីរភាព និងវិធីដែលអ្នកពាក់ព័ន្ធអាចធ្វើអន្តរកម្ម និងចង្អុលបង្ហាញពីបញ្ហាប្រឈម និងដំណោះស្រាយ តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នៃទីក្រុងកាន់តែប្រសើរ សម្រាប់ប្រទេសកម្ពុជា ក្នុងបរិបទទីក្រុងកំពុងរីកចម្រើន។
កម្មវិធីនេះមានការចូលរួមពីអ្នកជំនាញជាតិ អន្តរជាតិ និងអ្នកវិនិយោគអន្តរជាតិជាច្រើននៅកម្ពុជា។
លោកយិន លាងគង់បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បានជួយធ្វើឲ្យវិស័យអចលនទ្រព្យឡើងថ្លៃខ្ពស់យ៉ាងខ្លាំង នៅតំបន់ដែលមានការអភិវឌ្ឍនោះ ប៉ុន្តែកំណើនតម្លៃអចលនទ្រព្យ មិនបានឆ្លុះបញ្ចាំងពីតថភាពនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជានោះទេ។ ហេតុនេះការផ្តោតលើប្រាក់ចំណេញខ្លាំងពេកពីអ្នកអភិវឌ្ឍ នឹងប៉ះពាល់ដល់សុខមាលភាពសង្គម និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងមធ្យមកម្រិតទាប មិនមានលទ្ឋភាពទិញអចលនទ្រព្យនិងលំនៅដ្ឋានបាននោះទេ។
លោកបន្តថា “ការឡើងថ្លៃអចលនទ្រព្យ បានផ្តល់នូវផលចំនេញជាច្រើនដល់ប្រជាពលរដ្ឋ ប៉ុន្តែវាក៏ប៉ះពាល់ដល់ការអភិវឌ្ឍមួយចំនួនផងដែរ”។លោកបន្តថា “ទាក់ទងនឹងការរីកចម្រើនបច្ចេកវិទ្យានៅកម្ពុជា មានឱកាសជាច្រើនបានកើតមានឡើង សំរាប់មុខជំនួញមួយចំនួន ខណៈប្រជាពលរដ្ឋកម្ពុជាបាននិងកំពុងចេះប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើនជាងមុន”។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា កំនើននៃការទូទាត់ តាមរយៈបច្ចេកវិទ្យាសម្រាប់ទូទាត់ហិរញ្ញវត្ថុ បានកើនឡើងប្រមាណ៦០ភាគរយ ក្នុងអំឡុងត្រីមាសទី១ឆ្នាំនេះ៕