សញ្ញាវិជ្ជមានៈវិស័យអាកាសចរណ៍កម្ពុជាបង្ហាញពីភាពរឹងមាំជាមួយកំណើនអ្នកធ្វើដំណើរកើនដល់ជាង៥លាននាក់

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ វិស័យអាកាសចរណ៍របស់កម្ពុជា បាននិងកំពុងបន្តរីកចម្រើនយ៉ាងរឹងមាំ ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិចំនួនបី ដែលទទួលបានអ្នកដំណើរ តាមផ្លូវអាកាសសរុបជាង៥.១លាននាក់ ក្នុង    រយៈពេល៩ខែដំបូងនៃឆ្នាំនេះ។

របាយការណ៍ដែលចេញផ្សាយ ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបង្ហាញកាលពីថ្ងៃអង្គារថា ការកើនឡើងចរាចរណ៍អ្នកដំណើរ សម្រាប់រយៈពេលពីខែមករា ដល់ខែកញ្ញា បានកើនឡើងគួរឱ្យកត់សម្គាល់១៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ភាពវិជ្ជមានក៏ត្រូវបានឆ្លុះបញ្ចាំង នៅក្នុងសូចនាករប្រតិបត្តិការសំខាន់ៗផ្សេងទៀត នៃវិស័យអាកាសចរណ៍របស់ប្រទេស។

យោងតាមរបាយការណ៍នេះ ចំនួនជើងហោះហើរសរុបចំនួន ៤៧,៦៣៧ជើង (ហោះឡើង និងចុះចត) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានការកើនឡើងគួរឱ្យកត់សម្គា​ល់១២ ភាគរយបើធៀបនឹងឆ្នាំមុន។

តួលេខនេះបានឆ្លុះបញ្ចាំង ពីការពង្រីកការតភ្ជាប់ផ្លូវអាកាស និងការតភ្ជាប់ផ្លូវអន្តរជាតិជាច្រើន។

បរិមាណដឹកទំនិញតាមអាកាស ក៏បានរកើនឡើងគួរឱ្យកត់សម្គា​ល់ជាមួយនឹងទំនិញចំនួន៦៤,៥១៣ តោន កើនឡើង១៤ភាគរយ។ ការកើនឡើងនៃបរិមាណទំនិញ តាមផ្លូវអាកាសបង្ហាញពីការពង្រឹងពាណិជ្ជកម្មអន្តរជាតិ និងសកម្មភាពដឹកជញ្ជូន ដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។

SSCA បានសន្មតថា កំណើនដ៏ខ្ពស់នេះមកពីកត្តាជាច្រើន រួមទាំងគោលនយោបាយ “បើកចំហមេឃជើងមេឃ” របស់រដ្ឋាភិបាល និងភាពទាក់ទាញនៃប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ និងការវិនិយោគ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ លោក ស៊ីន ច័ន្ទសេរីវុត្ថា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកំណើននេះ។

លោកបញ្ជាក់ថា “កំណើនគួរឱ្យកត់សម្គាល់នៃអ្នកដំណើរតាមផ្លូវអាកាសនៅចន្លោះខែមករា ដល់ខែកញ្ញា នៃឆ្នាំនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា វិស័យអាកាសចរណ៍របស់កម្ពុជា កំពុងស្ថិតនៅលើផ្លូវវិជ្ជមាននៃការងើបឡើងវិញ និងការពង្រីកដ៏រឹងមាំ”។

លោកបានបន្ថែមថា “នេះគឺជាលទ្ធផលផ្ទាល់ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្រោម ‘គោលនយោបាយបើកចំហជើងមេឃ’ ដើម្បីបង្កើនការតភ្ជាប់ផ្លូវអាកាស ទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីៗ និងបង្កើតបរិយាកាសទាក់ទាញ សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគអាជីវកម្ម”។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់បន្ថែមទៀតថា ប្រតិបត្តិការនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗសំខាន់ៗ ជាពិសេសព្រលានយន្តហោះអន្តរជាតិថ្មី ត្រូវបានគេរំពឹងថានឹងជំរុញ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

បច្ចុប្បន្ននេះ កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិចំនួនបី ហើ​យមួយក្នុងចំណោមនោះ គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំ ដែលមានតម្លៃវិនិយោគចំនួន២.៣ ពាន់លានដុល្លារ ហើយត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​ កាលពី​ថ្ងៃ​ចន្ទ​ក្រោមអធិបតីភាព​សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here