ក្រសួងសាធារណការកំពុងត្រៀមអនុវត្តន៍ប្រព័ន្ឋបច្ចេកវិទ្យាដើម្បីគ្រប់គ្រង រថយន្តដឹកលើសទម្ងន់

0

ដោយៈសុខហេង

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងដាក់ចេញនូវការអនុវត្តគំរោងបច្ចេកវិទ្យាទំនើប ដើម្បីគ្រប់គ្រងយានយន្តដឹកលើសទម្ងន់កំណត់ នៃផ្លូវជាតិលេខ៥ ដែលបាននិងកំពុងស្ថាបនា។

កិច្ចប្រជុំនេះដឹកនាំដោយលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីដឹកនាំអនុវត្តគម្រោងទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា គ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ លោកឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ និងលោកMakoto Usami ប្រធានគម្រោងនៃក្រុមហ៊ុន P.E.Jp (Civil Engineering) នៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥។

កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់សម្រួល ដល់ការគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

នេះជាគំនិតផ្តួចផ្តើម ក្រោមការចង្អុលបង្ហាញរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសម្រួលដល់ក្រុមការងារត្រួតពិនិត្យ ងាយស្រួលតាមដាន រីឯប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន ក៏មានភាពងាយស្រួល ក្នុងការទទួលបានដំណឹង ពីទម្ងន់យានយន្តរបស់ខ្លួននៅតាមដងផ្លូវភ្លាមៗផងដែរ។

លោកឈឹម ផល្លាបានធ្វើការសាទរចំពោះការរៀបចំ ជ្រោមជ្រែងទៅលើចក្ខុវិស័យផ្តល់គុណតម្លៃ ដល់ការធានាអាយុកាលយូរអង្វែង ដល់ផ្លូវថ្នល់សាធារណៈជាប្រយោជន៍សាធារណៈ និងសេដ្ឋកិច្ចជាតិ ដែលផ្លូវនីមួយៗ ទំរាំធ្វើការស្ថាបនាឡើងបាន ពិជាត្រូវឆ្លងកាត់ដំណាក់កាលលំបាកៗជាច្រើន និងចំណាយធនធានថវិកាដ៏សន្ធឹកសន្ធាប់។

ជាមួយគ្នានេះ លោក Makoto Usami ក៏បានវាយតម្លៃខ្ពស់លើបច្ចេកថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់ជញ្ជីង និងកាមេរ៉ាស្វ័យប្រវត្តិ (AI Camera and Weigh in Motion Sensor) ហើយលោកក៏បានចែករំលែកបទពិសោធន៍ នៃការប្រើប្រាស់ជញ្ជីងស្វ័យប្រវត្តិកន្លងមក។

លោក Makoto Usami នឹងលើកយកប្រើប្រាស់បច្ចេកវិទ្យា គ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ AI Camera and Weigh in Motion Sensor Centralized Database Solution System របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាជាមួយភាគីពាក់ព័ន្ធ លើគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here