ភ្នំពេញ ៖ រដ្ឋបាលខេត្តមណ្ឌលគីរីបានចាប់ផ្ដើមបើកការដ្ឋានជួសជុលផ្លូវឆ្ពោះទៅរមណីយដ្ឋានសមុទ្រឈើ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ៦ពាន់លានរៀលឬប្រមាណ១,៥លានដុល្លារអាមេរិក ។ ការជួសជុលផ្លូវនេះឡើងគឺជាត្រៀមទទួលភ្ញៀវទេសចរក្នុងនិងបរទេសឡើងវិញទៅកម្សាន្តនិងទស្សនារមណីយដ្ឋានមួយនេះនៅពេលឆាប់ៗ ក្រោយវិបត្តិកូវីដ១៩ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគីរីនៅថ្ងៃទី២៨ ឧសភា ២០២១នេះឱ្យដឹងថាកំណាត់ផ្លូវ១ខ្សែនេះត្រូវបានឈូសឆាយពង្រីកឲ្យធំជាងមុន និងមានប្រព័ន្ធលូបង្ហូរនៅអមសងខាងផ្លូវ ហើយចំពោះការស្ថាបនាឡើងវិញនេះដែរ ក៏ជាប្រភេទផ្លូវដែលមានគុណភាពខ្ពស់ជាងមុន។
លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងថា កំណាត់ផ្លូវដែលកំពុងជួសជុលគឺចាប់ពីចំណុចផ្លូវបំបែកភ្នំកិនថ្ម និងភ្នំដោះក្រមុំ ឆ្ពោះទៅមុខប្រវែង២.៤០០ម៉ែត្រ ទទឹង១០ម៉ែត្រ ចាក់កៅស៊ូ២ស្រទាប់ ទទឹង៦ម៉ែត្រ (ប្រភេទDBST) និងមានចាក់បេតុងសរសៃដែកអមសងខាងតួផ្លូវ ទទឹង២ម៉ែត្រ សរុបប្រវែង៤.៦០០ម៉ែត្រ។