ដោយៈ ប៊ី
សិង្ហបុរី/ភ្នំពេញ៖ អាជីវកម្មថ្មី នៃបច្ចេកវិទ្យាសុខាភិបាលកម្ពុជា ពេទ្យយើង របស់ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលប្រទេសសិង្ហបុរី Ssivix Lab បានសម្រេចចាប់ដៃគូធ្វើអាជីវកម្មរួមគ្នា ដើម្បីឲ្យមន្ទីរពេទ្យ និងអ្នកផ្តល់សេវាព្យាបាលដៃគូ និងអ្នកជំងឺកម្ពុជាអាចទាក់ទងទទួល និងផ្តល់សេវា ពិគ្រោះ និងព្យាបាលតាមប្រព័ន្ធឌីជីថលរួមលើទូរស័ព្ទដៃ។
ការផ្តល់សេវានេះនឹងធានាបាននូវសុវត្ថិភាពបំផុត សន្សំសំចៃ និងធានាបាននូវ សុវត្ថិភាពជូនដល់ពលរដ្ឋកម្ពុជាក្នុងគ្រាកំពុងជួបវិបត្តិសុខភាពសាកលកូវីដ១៩ និងមានទិសដៅពង្រីកទៅកាន់បណ្តា ប្រទេសនៅអនុតំបន់មេគង្គ និងអាស៊ីផងដែរ នៅចុងឆ្នាំ២០២១នេះ។
-->
e-Health MyCLNQ ជាប្រព័ន្ធច្រកចេញចូលតែមួយ នៃសេវាកម្មបច្ចេកវិទ្យាសុខាភិបាលថែទាំសុខភាពលើទូរស័ព្ទដៃ ទំនើបដំបូងគេមួយ និងជាកន្លែងផ្តល់សេវាពិគ្រោះ និងទទួលសេវាព្យាបាលធំជាងគេ ផ្តល់ដំដោះស្រាយបញ្ហាសុខភាព ជូនដល់ពលរដ្ឋកម្ពុជា និងនៅក្នុងតំបន់ ដែលជាសមិទ្ធិផលសេវាកម្មបច្ចេកវិទ្យាសុខាភិបាលរួមគ្នាបង្កើតឡើងដោយ កម្មវិធីបច្ចេកវិទ្យា ពេទ្យយើង នៃក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងក្រុមហ៊ុន Ssivix Lab ក្នុងគោលបំណងចូលរួម បំរើដល់អ្នកជំងឺ ដើម្បីទទួលបានសេវាថែទាំសុខភាពឆ្លាតវៃ រហ័ស ចំណេញពេលវេលា និងថវិកា ហើយផ្ដល់ដំណោះ ស្រាយឲ្យមន្ទីរពេទ្យដៃគូ និងអ្នកផ្ដល់សេវាសុខភាពបន្តផ្តល់សេវាពិគ្រោះ និងព្យាបាលដល់អ្នកជំងឺបានពីគ្រប់ទីកន្លែង គ្រប់ពេលវេលាយ៉ាងរហ័ស ងាយស្រួល និងមានសុវត្ថិភាពបំផុតផងដែរ។
លោកស្រីប៉ុង លីមសានសហស្ថាបនិក និងប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា បានលើកឡើងថា “ក្នុងនាមយើងជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលថ្មី ដែលទទួលបានការគាំទ្រពីវេជ្ជបណ្ឌិត រាប់ពាន់នាក់ និងបានកំពុង តែជួយឲ្យពលពលរដ្ឋកម្ពុជា និងអ្នកជំងឺបរទេសប្រមាណជិត២លាននាក់មានកំណត់ត្រាវេជ្ជសាស្ត្រ ទទួលបានសេវា ព្យាបាលអនឡាញ”។

លោកស្រីបានថ្លែងបន្តថា ជាមួយនឹងក្តីសុបិន្ត ក្នុងការចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាល និងសេវាព្យាបាល បែបឌីជីថលក្នុងតំបន់មួយ យើងពិតជាមានមោទនៈភាពខ្លាំងណាស់ ដែលយើងបានចាប់ដៃគូជាមួយក្រុមហ៊ុន បច្ចេកវិទ្យាសុខាភិបាលថ្មីមានសក្តានុពលរបស់ប្រទេសសិង្ហបុរី Ssivix Lab ដែលជាក្រុមហ៊ុនកំពុងតែផ្តល់សេវាព្យាបាល និងថែទាំសុខភាពជាមួយសេវាពិសេសៗជាច្រើន ដើម្បីយកសេវាទាំងនោះមកដាក់បញ្ចូលគ្នាផ្តល់ឲ្យគ្លីនិក និងមន្ទីរពេទ្យ ដៃគូរបស់យើងនៅតែអាចបន្តផ្ដល់សេវាពិគ្រោះ និងព្យាបាលដល់អ្នកជំងឺជាប្រក្រតី ដោយពុំមានការរំខានពីមេរោគ សាកលវីរុសកូវីដ១៩។ អ្នកជំងឺនៅអាច ស្វែងរកសេវាព្យាបាល ដោយអស់ក្តីបារម្ភតាមរយៈកម្មវិធីសុខភាពឆ្លាតវៃ e-Health MyCLNQ លើទូរស័ព្ទដៃ ដែលជាកម្មវិធីគួរឲ្យទុកចិត្ត និងមានសុវត្ថិភាពបំផុតមួយ។
លោកស្រីបានបន្ថែមទៀតថា “អ្នកជំងឺអាចស្វែងរកសេវាពិគ្រោះ និងព្យាបាលឆ្លងប្រទេសបានផងដែរ ជាពិសេស សេវាពិគ្រោះជាមួយមន្ទីរពេទ្យ និងវេជ្ជបណ្ឌិតដៃគូនៅសិង្ហបុរី ឥណ្ឌា និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ី។ គ្លីនិក មន្ទីរពេទ្យ និងវេជ្ជបណ្ឌិតផ្តល់សេវាព្យាបាលដៃគូរបស់យើងក៏អាចមានឱកាស ផ្ដល់សេវាពិគ្រោះ និងព្យាបាល របស់ខ្លួនដល់អ្នកជំងឺទូទាំងតំបន់បានផងដែរ តាមរយៈការប្រកួតប្រជែតតំលៃ និងគុណភាព។ e-Health MyCLNQ ផ្ដោត ចំបងទៅលើការផ្ដល់ដំណោះស្រាយសេវាពិគ្រោះ ព្យាបាល និងប្រព័ន្ធសុខាភិបាលឌីជីថលក្នុងប្រទេសនៅអាស៊ី ប៉ុន្តែយើងផ្ដើមចេញដំណើរពីមូលដ្ឋានរឹងម៉ាំរបស់យើង ក្នុងប្រទេសកម្ពុជា សិង្ហបុរី ឥណ្ឌា និងតំបន់ទន្លេមេគង្គមុនគេ។”
ក្នុងការធ្វើដៃគូជំនួញរួមគ្នានេះផងដែរ សហស្ថាបនិក និងប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ssivix Lab លោក Anwar Rafique បាននិយាយថា “ការចាប់ដៃគូជាមួយ ពេទ្យយើង នៃក្រុមហ៊ុន ហ្វឺស វិម៉ិនថិក អាស៊ា ជាឱកាសដ៏អស្ចារ្យ មួយសំរាប់ក្រុមការងារក្រុមហ៊ុន Ssivix Lab យើង ក្នុងការអនុវត្តផែនការពង្រីកចក្ខុវិស័យសុខាភិបាលរួមគ្នានៅកម្ពុជា ដែលជាផែនការពង្រីកវិសាលភាពរបស់យើងនៅក្នុងតំបន់ និងជាចក្ខុវិស័យសុខាភិបាលសម្រាប់តំបន់អាស៊ីរបស់ពួកយើង។
លោកបានបន្តថា ពួកយើងជឿជាក់ថានេះជាឱកាសដ៏កម្រមួយ និងចាំបាច់បំផុតបានអនុញ្ញាតិឲ្យពួកយើងបានចូលរួមចំណែក កសាងប្រព័ន្ធសុខាភិបាលឌីជីថលនៅប្រទេសកម្ពុជាកាន់តែទំនើប និងពេញលេញថែមទៀតជាមួយរាជរដ្ឋាភិបាល កម្ពុជា និងក្រសួងសុខាភិបាល និងផ្ដោតទៅលើការបំពេញតម្រូវការសេវាព្យាបាលរបស់អ្នកជំងឺជាអាទិ៍ភាព។”
លោក Anwar Rafique បានថ្លែងបញ្ជាក់ថា “ខ្ញុំជឿជាក់ថា e-Health MyCLINQ នឹងជួយឲ្យប្រជាជនកម្ពុជាទទួលបាននូវ សេវាពិគ្រោះ និងសេវាព្យាបាលកាន់តែឆ្លាតវៃជាងមុន ងាយស្រួលជាងមុន និងតំលៃសមរម្យបំផុតមួយ។ ជាមួយការប្រើ ប្រព័ន្ធដំណើរការដោយមានជំនួយពីបញ្ញាសិប្បនិម្មិត AI លើបច្ចេកវិទ្យាសុខាភិបាលរបស់យើង យើងអាចជួយឲ្យ អ្នកជំងឺអាចស្វែងរកសេវាព្យាបាលពីវេជ្ជបណ្ឌិតមកពីគ្រប់ទីកន្លែង និងអាចជ្រើសរើសយកសេវាព្យាបាលពីវេជ្ជបណ្ឌិត នៅតាមគ្លីនិក និងមន្ទីរពេទ្យនៅតំបន់របស់គាត់កំពុងតែរស់នៅ ឬនៅតំបន់នានានៅក្នុងស្រុក និងនៅក្រៅប្រទេស ដែល ពួកគាត់មានលទ្ធភាពចំណាយថ្លៃសេវាបាន។ e-Health MyCLINQ មិនត្រឹមតែជាប្រព័ន្ធភ្ជាប់ទំនាក់ទំនងផ្តល់សេវា ព្យាបាលប៉ុណ្ណោះទេ វាជាប្រព័ន្ធ នៃបណ្ដុំផ្ដល់សេវាថែទាំសុខភាពគ្រួសារចំរុះមួយ ដែលអាចជួយបំពេញនូវរាល់តំរូវការ សេវាថែទាំសុខភាពចាំបាច់នានា។
លោកក៏បានបញ្ជាក់ផងដែរ ថាបច្ចុប្បន្ននេះមានមនុស្សជាង ៨ ម៉ឺននាក់ និងអ្នកផ្ដល់ សេវាព្យាបាល និងថែទាំប្រមាណមួយពាន់នាក់ ដែលបានកំពុងតែប្រើ និងទទួលអត្ថប្រយោជន៍ពីកម្មវិធី MyCLNQ នៅក្នុងប្រទេសសិង្ហបុរី និងឥណ្ឌា។

ដំណោះស្រាយរួមគ្នា ដែលមានឈ្មោះថា e-Health MyCLNQ វាគឺជាសេវាកម្មប្រព័ន្ធផ្តល់ដំណោះស្រាយរួមគ្រប់ទិដ្ឋភាព ថែទាំសុខភាពដំបូងគេ និងជាដំណោះស្រាយដែលនឹងចូលរួមចំណែកផ្តល់សេវាពិគ្រោះព្យាបាល និងថែទាំមនុស្ស រាប់លាននាក់ និងមានវេជ្ជបណ្ឌិត អ្នកជំនាញផ្ដល់សេវាថែទាំសុខភាពរាប់សែននាក់នៅសិង្ហបុរី ឥណ្ឌា និងកម្ពុជា ហើយពេលដ៏ខ្លីខាងមុខនឹងឈានចូលទៅបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គផងដែរ។
លោកប៊ិន សុជាតិសហស្ថាបនិក ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងនាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃកម្មវិធី e-Health MyCLNQ បានលើកឡើងថា “e-Health MyCLNQ ជាជំរើស ដ៏មានសារៈប្រយោជន៍របស់ប្រជាពលរដ្ឋ និងអ្នកជំនាញវេជ្ជសាស្ត្រ ទាំងឡាយក្នុងការទទួលសេវាព្យាបាល និងថែទាំសុខភាព និងផ្ដល់សេវាព្យាបាល និងថែទាំសុខាភាពឆ្លាតវៃជាងមុន ងាយស្រួលជាងមុន និង សន្សំសំចៃច្រើនជាងមុន ក្រៅតែពីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឌីជីថល និង សម្រួលដល់ការផ្តល់សេវាឲ្យប្រសើរជាមុនដោយពុំមានការរំខានដល់សង្វាកទទួល និងផ្តល់សេវាពិគ្រោះព្យាបាលនៅ កម្ពុជា នៅសហគមន៍អាស៊ាន និងនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា៕