ដោយៈគង់ សូរិយា
ភ្នំពេញៈ ការស្ថាបនាផ្លូវជាតិលេខ៥ ចេញពីខេត្តបាត់ដំបងទៅកាន់ខេត្តបន្ទាយមានជ័យ សម្រេចបានជិត១០០ភាគរយហើយ ខណៈតំបន់ដទៃទៀតកំពុងសម្រេចបានវឌ្ឈនភាពបណ្តើរៗ។
យោងតាមព៌តមានដែលបានចេញផ្សារលើបណ្តាញទំនាក់ទំនងសង្គម របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងនារសៀលថ្ងៃទី២ មិថុនានេះថា ការសាងសង់កំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (សិរីសោភ័ណ-ប៉ោយប៉ែត)និងការបើកឯកសារដេញថ្លៃកញ្ចប់ការងារទី៥ សម្រាប់ការស្ថាបនាស្ថានីយ៍ ថ្លឹងយានយន្ដនៃគម្រោងធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៥ ខណៈវឌ្ឍនភាពកំណាត់ភាគខាងជើង (បាត់ដំបង-បន្ទាយមានជ័យ) សម្រេច ៩៧,៣០% កំណាត់ភាគកណ្តាល សម្រេច ២២,៨៥% និងកំណាត់ភាគខាងត្បូងសម្រេច១៦,៩៦%។

-->
លោកតូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំបើកឯកសារដេញថ្លៃកញ្ចប់ការងារទី៤ ការងារសាងសង់ផ្លូវចាប់ពីសិរីសោភ័ណ ដល់ក្រុងប៉ោយប៉ែត និងការបើកឯកសារដេញថ្លៃកញ្ចប់ការងារទី៥ ការងារស្ថាបនាស្ថានីយថ្លឹងយានយន្ដ នៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ដោយមានការចូលរួម ពីសមាជិកគណៈកម្មការវិវចនាលទ្ធកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន៣៦៦ គីឡូម៉ែត្រ ឋិតក្នុងខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA)។ ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាល ដោយក្នុង នោះ៖ មានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប ៣០៤គីឡូម៉ែត្រ ក្រាលជំនួស ដោយបេតុងកៅស៊ូ AC និងមានសួនច្បារកណ្តាល។
គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលនេះ មានប្រវែងសរុប១៤៦,០៤គីឡូម៉ែត្រ ក្នុងនោះការងារសាងសង់ពីសិរីសោភ័ណ ដល់ប៉ោយប៉ែត មានប្រវែងសរុប ៣៥,៤ គីឡូម៉ែត្រ ស្ថាបនាផ្លូវពី២គន្លង ទៅ៤គន្លង ដោយក្រាលបេតុងកៅស៊ូAC កម្រាស់១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំ កណ្តាល និងប្រើរយៈពេលសាងសង់ប្រមាណ៣២ខែ។

គម្រោងស្ថាបនាស្ថានីយថ្លឹងយានយន្ដ នៃគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ស្ថាបនាឡើង ដើម្បីទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ក៏ដូចជាចូលរួមចំណែក ក្នុងការពង្រឹងគុណភាពផ្លូវថ្នល់ឱ្យកាន់តែល្អ និងអាចប្រើប្រាស់បានយូរអង្វែង។
ចំពោះវឌ្ឍនភាពជារួម នៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ប្រវែងសរុប ៣៦៦គីឡូម៉ែត្រ (ព្រែកក្តាម-ប៉ោយប៉ែត) ក្នុងនោះ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង ប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ សម្រេចបាន៩៧,៣០% កំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល ប្រវែងសរុប ១៤៦,០៤ គីឡូម៉ែត្រ សម្រេចបាន២២,៨៥% និងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ប្រវែងសរុប ១៣៥,២៥គីឡូម៉ែត្រ សម្រេចបាន១៦,៩៦%។
កំណាត់ផ្លូវជាតិនេះ ជាផ្លូវអាស៊ានហាយវេលេខ១ អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់ សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដង ផ្លូវនេះនឹងមានជីវភាពកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕