អ្នកជំនាញៈ វិស័យដីធ្លីនៅតែផ្តល់ឱកាសចំណេញខ្ពស់សម្រាប់អ្នកវិនិយោគនៅកម្ពុជា

0

ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញលើកឡើងថា ដោយសារប្រទេសកម្ពុជានឹងបន្តមានការអភិវឌ្ឍន៍លឿន ដែលនឹងរុញច្រានឱ្យគ្រប់វិស័យមានរីកចម្រើន ពិសេសវិស័យអចលនទ្រព្យ ក្នុងវិស័យដីធ្លីនៅតែផ្តល់ឱកាសចំណេញខ្ពស់ សម្រាប់អ្នកវិនិយោគ នាពេលអនាគត។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់កាលពីចុងសប្តាហ៍កន្លងមកនេះ វិស័យដីធ្លីនៅកម្ពុជាគឺជាឱកាសសម្រាប់ការវិនិយោគ ហើយតាមរយៈបទពិសោធន៍របស់យើង ការវិនិយោគនៅក្នុងវិស័យដីធ្លីផ្តល់ចំណេញខ្ពស់ ដោយប្រទេសកម្ពុជាយើង ពិសេសរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍លឿនណាស់ ហើយការអភិវឌ្ឍន៍ត្រូវបានពង្រីកទៅគ្រប់ទិសទីនៃទីក្រុង ដែលធ្វើឱ្យការវិនិយោគលើដីធ្លីទទួលបានផលចំណេញខ្ពស់។

ទាក់ទងនឹងការវិនិយោគលើដីធ្លីនេះ លោកបានពន្យល់ថា ទី១យើងត្រូវសិក្សាពីផែនការអភិវឌ្ឍន៍មេរបស់សាលាក្រុងភ្នំពេញថា តើផែនការនឹងត្រូវពង្រីកទៅតំបន់ណាមុនគេ។

លោកបានឱ្យដឹងទៀតថា ទី២ យើងត្រូវមើលពីទិន្នន័យក្បាលដី ដូច្នេះយើងនឹងដឹងពីប្រព័ន្ធអភិវឌ្ឍន៍ផ្លូវធំ ឬតូច ហើយយើងទទួលបានផលយ៉ាងឆាប់រហ័ស ដោយសារតែយើងមានប្រព័ន្ធផ្លូវនៅក្នុងផែនការអភិវឌ្ឍន៍មេ ទោះបីជាយើងមិនទាន់ឃើញមានការអភិវឌ្ឍលេចចេញជារូបរាងក៏ដោយ ពីព្រោះថានៅពេលគេចាប់ផ្តើមសាងសង់ផ្លូវភ្លាម ដីធ្លីនឹងឡើងថ្លៃភ្លាម។

លោកបានលើកឡើងបន្តថា តើយើងអាចទទួលបានព័ត៌មានទាក់ទងនឹងផែនការអភិវឌ្ឍន៍បានដោយរបៀបណា?។ លោកបានបន្តថា ទី១ អ្នកវិនិយោគ ដែលចង់បំណងចង់វិនិយោគលើវិស័យដីធ្លី គួរតែមកទាក់ទងនឹងភ្នាក់ងារអចលនទ្រព្យ ដែលពួកគាត់ដឹងច្បាស់ពីផែនការអភិវឌ្ឍន៍ទាំងអស់នេះ ទី២យើងអាចទៅស្នើសុំឯកកសារទាក់ទងនឹងផែនការអភិវឌ្ឍនេះតាមរយៈសូរិយោដី សម្រាប់តាមបណ្តាខេត្ត និងទី៣ យើងអាចទៅស្នើសុំព័ត៌មានទាំងនេះពីក្រសួងដែនដី នគរូបនិយកម្ម និងសំណង់ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here