ហេតុអ្វីអ្នកវិនិយោគិនរកចំណូលខ្ពស់ពីការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ធៀបនឹងបណ្តាប្រទសដទៃក្នុងតំបន់?

0

ដោយៈ ប៊ី

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានអះអាថា វិស័យអចលនទ្រព្យកម្ពុជានៅតែមានសក្តានុពលមួយ ក្នុងចំណោមប្រទេសអាស៊ាន ដែលជាប្រទេសមួយ ដែលអាចផលចំណេញបានប្រាក់ចំណូលបានខ្ពស់ ពីការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ។

លោកច្រឹក សុខនីម ប្រធាន CVEA បានបញ្ជាក់កាលថ្មីៗនេះថា ប្រទេសកម្ពុជា មានសក្ដានុពលខ្ពស់ ក្នុងការទិញ-លក់ លើវិស័យអចលនទ្រព្យ ខណៈអ្នកខ្លះគ្រាន់តែមានចំណេះខ្លះៗ ក្នុងវិស័យអចលនទ្រព្យ ភាគច្រើនគឺសុទ្ធសឹងតែទទួលបាននូវប្រាក់ចំណេញ កុំឱ្យតែទិញអចលនទ្រព្យ ដែលខុសច្បាប់ និងចាញ់បោកគេប៉ុណ្ណោះ។

លោកបានថ្លែងថា “ក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជា ជាតំបន់មួយ ដែលរកនូវប្រាក់ចំណូលខ្ពស់ អំពីការវិនិយោគ លើវិស័យអចលនទ្រព្យ”។

លោកបានលើកឡើងថា វិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ជាវិស័យមួយ ដែលមានសារៈសំខាន់ សម្រាប់ឲ្យអ្នកវិនិយោគិន ពីក្រៅប្រទេស ចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនោះទៀត លោកបានឱ្យដឹងថា អ្នកវិនិយោគិនពីក្រៅប្រទេស មើលឃើញអំពីគោលនយោបាយ របស់កម្ពុជា ដែលដឹកនាំពីសម្ដេចតេជោ ហ៊ុន សែន មានភាពរឹងមាំ និងគាំទ្រលើវិស័យអចលនទ្រព្យ តាមរយៈប្រព័ន្ធធនាគារ សុវត្ថិភាព និងសុខសន្ដិភាព ជាដើម -ល-។

ទន្ទឹមគ្នានេះ លោកក៏បានសម្លឹងឃើញថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រជាជននៅក្នុងស្រុក ជាពិសេសក្នុងរាជធានីភ្នំពេញ បានចាប់ផ្ដើមវិនិយោគ លើវិស័យអចលនទ្រព្យមានចំនួនច្រើន ព្រោះពួកគាត់យល់ដឹងច្រើន ក្នុងវិស័យអចលនទ្រព្យ។

លោកបានលើកឡើងថា នៅពេលប្រទេសជួបប្រទះបញ្ហាអ្វីមួយ មិនថាបញ្ហាជំងឺកូវីដ១៩ ឬក៏បញ្ហាអ្វីនោះទេ ប្រជាជននៅក្នុងស្រុក សេដ្ឋកិច្ចនៅក្នុងស្រុក គឺជាអាទិភាព សម្រាប់អ្នកដែលនៅក្នុងស្រុក ក្នុងការវិនិយោគ លើវិស័យនានា។

បើតាមប្រធានសមាគមបានឲ្យដឹងថា ចំនួនទឹកប្រាក់វិនិយោគនៅក្នុងស្រុក គឺមានចំនួនច្រើនជាង ចំនួនទឹកប្រាក់អ្នកវិនិយោគនៅក្រៅស្រុក ក៏ប៉ុន្ដែដើម្បីពង្រឹង ទំហំសេដ្ឋកិច្ច កម្ពុជាត្រូវការអ្នកវិនិយោគនៅក្រៅស្រុក មកធ្វើការវិនិយោគ ដើម្បីឲ្យសេដ្ឋកិច្ច កាន់តែមានការរីកចម្រើន និងទទួលបាននូវប្រាក់ចំណូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here