ដោយ សុខុម
ញូវយ៉ក: ក្រុមហ៊ុន Asia Capital Real Estate Management (ACRE) បានទម្លាយឱ្យដឹងថា យោងតាមការរំពឹងទុកថា ការវិនិយោគលើអចលនទ្រព្យប្រភេទលំនៅដ្ឋានរួមប្រកបដោយនិរន្តរភាពនៅតំបន់អាស៊ីអាគ្នេយ៍ នឹងមានសន្ទុះកើនឡើង ខណៈក្រុមហ៊ុននេះកំពុងផ្ដល់ហិរញ្ញប្បទានបៃតងដើម្បីជួយគាំទ្រដល់ផ្នែកនេះ។ នេះបើយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីថ្ងៃទី១៤ មិថុនា។

-->
ការទម្លាយនេះធ្វើឡើង ខណៈពេលដែលធនាគារថៃ UOB Thailand ប្រកាសកាលពីថ្ងៃច័ន្ទ ទី១៤ មិថុនា ថា ខ្លួនបានផ្ដល់ឥណទានបៃតងចំនួន៦៧៥លានបាត (ប្រមាណ២២លានដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍគម្រោង Homa Phuket Town ដែលជាគម្រោងអាផាតម៉ិនជួលក្នុងតម្លៃធូរថ្លៃ និងមិនប៉ះពាល់ដល់បរិស្ថាននៅភូកេត ប្រទេសថៃ។
ធនាគារ UOB Thailand បានចេញសេចក្ដីប្រកាសព័ត៌មានថា នៅរយៈពេល៥ឆ្នាំក្រោយ ក្រុមហ៊ុន ACRE មានគោលដៅវិនិយោគក្នុងទំហំទឹកប្រាក់ជាង២៥០លានដុល្លារដើម្បីអភិវឌ្ឍគម្រោង Homa ចំនួន៦នៅក្នុងប្រទេសថៃ ដោយចាប់ដៃគូសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំនៅដ្ឋានរួមរបស់ថៃ Noon Capital។ ក្រុមហ៊ុននេះក៏មានគម្រោងណែនាំម៉ាកយីហោនេះទៅកាន់ទីផ្សារនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។
លោក Blake Olafson នាយកគ្រប់គ្រងគម្រោង Acre and Homa បានលើកឡើងថា ការវិនិយោគអចលនទ្រព្យប្រភេទលំនៅដ្ឋានរួមប្រកបដោយនិរន្តរភាពនេះគឺជាខន់សិប (គំនិត) ថ្មីដែលក្រុមហ៊ុន ACRE កំពុងណែនាំទៅកាន់ទីផ្សារប្រទេសថៃ។

បង្កើតឡើងក្នុងឆ្នាំ២០១១ ACRE គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគអចលនទ្រព្យមួយដែលគ្រប់គ្រងមូលធនសម្រាប់វិនិយោគិនជាស្ថាប័ន និងជាបុគ្គលតាមរយៈការវិនិយោគ និងមូលនិធិបំណុល។ គេហទំព័ររបស់ក្រុមហ៊ុននេះបានបញ្ជាក់ថា ក្រុមហ៊ុននេះមានទ្រព្យសកម្មដែលស្ថិតក្រោមការគ្រប់គ្រងលើសពី ១,៨ពាន់លានដុល្លារអាមេរិក ដោយមានការិយាល័យនៅប្រទេសសិង្ហបុរី ក្រុងអាត្លង់តា និងក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕