ការសិក្សាថ្មីៈ ទីផ្សារអលនទ្រព្យនៅកម្ពុជាបាននិងកំពុងងាកទៅរកការចាប់យកវិនិយោគិនសក្តានុពលក្នុងស្រុក

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា ទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ពីជំងឺកូវិដ១៩ ខណៈទីផ្សារមួយនេះពឹងផ្អែកខ្លាំងលើវិនិយោគិនបរទេស មុនវិបត្តិកូវីដ១៩។

ការសិក្សាចុងក្រោយរបស់ Realestate.com.kh ដែលចេញផ្សាយនៅដើមសប្តាហ៍នេះ មានឱ្យដឹងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាបានផ្លាស់ប្តូរទិសដៅពីការចាប់យកអ្នកទិញក្រៅស្រុក ទៅកាន់ការចាប់យកអ្នកទិញ និងវិនិយោគិនក្នុងស្រុក ដោយផ្តោតទីផ្សារកម្រិតមធ្យម។

ការសិក្សា និងការស្ទង់មតិមួយ ត្រូវបានធ្វើឡើងដោយមានអ្នកឆ្លើយតបចំនួន២០០០នាក់។ ៦០ភាគរយនៃអ្នកដែលចូលរួមគឺជាជនជាតិកម្ពុជា និងចំនួននៅសលគឺជនបរទេស ក្នុងនោះ២៣ភាគរយជាអ្នករស់នៅក្រៅប្រទេស។ ជនជាតិចិនមានចំនួនជិតមួយភាគប្រាំនៃវិនិយោគិនទូទៅដែលចូលរួមក្នុងការស្ទង់មតិនេះ។

ការសិក្សាបានរក្សាឃើញថា ២០ភាគរយនៃអ្នកឆ្លើយសំណួរក្នុងការស្ទង់មតិអចលនទ្រព្យ២០២១និយាយថា ឈប់ស្វែងរកអចលនទ្រព្យ ក្នុងកំឡុងវិបត្តិកូវីដ១៩ ៣៥ភាគរយនិយាយថា ការស្វែងរកអចលនទ្រព្យនៅតែដំណើរការធម្មតា និងគ្មានការផ្លាស់ប្តូរនោះទេ។
ស្ទើរតែពាក់កណ្តាលនៃអ្នកចូលរួមក្នុងការស្ទង់មតិនេះ (៤៧ ភាគរយ) និយាយថា ពួកគេជឿថា តម្លៃអចលនទ្រព្យបានធ្លាក់ចុះក្នុង កំឡុងពេលមានវិបត្តិ។ អ្នកទិញសក្តានុពលជាងមួយភាគបួនបច្ចុប្បន្នមានថវិកាចន្លោះពី៥០.០០១ដុល្លារទៅ៧៥.០០០ដុល្លារ។

ជាមួយគ្នាដែនេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជាបានបានថ្លែងប្រាប់កាលពីៗនេះថា វិនិយោគិនក្នុងស្រុកនៅតែសំខាន់បំផុត ក្នុងការជំរុញកំណើនវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ហើយជាក់ស្ដែងសម្រាប់វិស័យអចលនទ្រព្យ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ដែលធ្វើឱ្យវិនិយោគិនក្រៅស្រុកមានផលលំបាកក្នុងការមកវិនិយោគកម្ពុជា ប៉ុន្ដែសកម្មភាពវិនិយោគិនក្នុងស្រុកនៅដំណើរការ។

លោកបានឲ្យដឹងថា “អ្នកវិនិយោគក្នុងស្រុកនៅតែដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនអចលនទ្រព្យ និងសេដ្ឋកិច្ចនៅកម្ពុជាបានមួយភាគធំ”។

លោកបានថ្លែងថា ”វិបត្តិកូវីដ១៩នេះ ក៏ជាការផ្ដល់ឱកាសក្នុងការរៀនសូត្រអំពីភាពប្រឈម ក្នុងវិបត្តិបញ្ហាលើពិភពលោកផងដែរ។ បន្ទាប់ពីឆ្លងកាត់វិបត្តិនេះ នឹងធ្វើឲ្យប្រជាជនកម្ពុជា មានភាពរឹងមាំ ចាស់ទុំ និងអាចដោះស្រាយនៅពេលមានវិបត្តិ នៅពេលក្រោយៗទៀត”។

លោកច្រឹក សុខនីមបានបញ្ជាក់ទៀតថា អ្នកវិនិយោគនឹងចាប់ផ្ដើមធ្វើដំណើរ នៅពេលទទួលបានវ៉ាក់សាំងកូវីដ១៩ និងប្រទេសដែលត្រូវទៅវិនិយោគមានវ៉ាក់សាំងដូចគ្នា។ បច្ចុប្បន្នទោះបីកម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ១៩រួចរាល់ក្ដី ប៉ុន្ដែប្រទេសដទៃទៀតមិនទាន់ ទទួលបានពេញលេញ។

លោកបន្ដថា បើជំងឺកូវីដ១៩ នៅតែបន្ដអូសបន្លាយ លោកមើលឃើញថា អចលនវត្ថុកម្ពុជា អាចប្រឈមនឹងការថមថយខ្លះ ប៉ុន្ដែរហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាថមថយណាមួយឡើយ ដោយសារតែវិស័យធនាគារ នៅតែបន្ដប្រាក់កម្ចីលើវិស័យនេះ ដូច្នេះវិស័យអចលនទ្រព្យ នៅបន្ដភាពរឹងមាំដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here