ដោយៈគង់ សូរិយា
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងពីគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ និងផ្លូវជាតិសំខាន់ៗជាច្រើនទៀត ដែកបាននិងកំពុងសាងសង់ និងកំពុងសាងសង់នាពេលខាងមុខ។

លោកលើកឡើងថា ម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដែលកំពុងសាងសង់ និងគ្រោងសាងសង់នាពេលខាងមុខ រួមមាន គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុង ព្រះសីហនុគិតរហូតមកទល់ពេលនេះសម្រេចបានជាង៥០%ហើយ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ផ្លូវក្រវ៉ាត់ក្រុងទី២បញ្ចប់រួចរាល់ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងដំណើរការសាងសង់ និងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងភ្នំពេញ។
-->

វឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់នាពេលអនាគត រួមមាន គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ១ លេខ២ លេខ២២ លេខ៣ លេខ៤ លេខ៥ ផ្លូវជាតិលេខ៦ លេខ៧ លេខ៨ លេខ៤៨ លេខ១០ លេខ១១ លេខ៥៦ លេខ៥៨ និងផ្លូវជាតិលេខ៧៦ ដែលត្រូវបានបញ្ចប់ការសាងសង់រួចរាល់ និងគម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣១ ផ្លួវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ ពីផ្លូវកៅស៊ូ ពីរស្រទាប់ស្តើង(DBST)ទៅជាផ្លូវបេតុងកៅស៊ូ(AC) គម្រោងសាងសង់ផ្លូវជាតិលេខ៧១c កំពង់ចាម-ត្បូងឃ្មុំ និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះផងដែរ។
លោកស៊ុន ចាន់ថុលបានបន្តថា “ទោះបីជាមានការរាតត្បាតពីជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជា នៅទូទាំងពិភពលោកក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានៅតែបន្តដំណើរការ របស់ខ្លួនឥតឈប់ឈរ មិនទាន់ឃើញមានគម្រោងណាមួយត្រូវបានរងផលប៉ះពាល់ដោយការរាតត្បាត ពីជំងឺដ៏កាចសាហាវនេះនៅឡើយទេ”។
លោកបន្តថា ក្រសួងបានប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាសម័យទំនើបដើម្បីគាំទ្រដល់ផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា កាត់ចំណាយក្រៅផ្លូវការ ដែលក្នុងនោះ រួមមាន ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន ការបើកដំណើរការមណ្ឌលប្ដូរ និងពន្យារបណ្ណបើកបរនៅផ្សារ ទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារ ទំនើបជីបម៉ុង និងការបង្កើតទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្ត និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App)ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍អំពីផ្លូវខូច សំដៅថែទាំផ្លូវឱ្យបានយូរអង្វែង។

នេះទៅទៀត គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(NRSC)កំពុងអភិវឌ្ឍគម្រោងថ្មី ស្រឡាងមួយទៀតគឺកម្មវិធីកាត់ពិន្ទុបណ្ណបើកបរ ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការ ដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណ ដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងកម្មវិធីព័ត៌មានវិទ្យាជាច្រើនទៀត ដើម្បីផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពផងដែរ៕