រដ្ឋាភិបាលអារ៉ាប់រួមអេមីរ៉ាតដាក់ចេញកម្មវិធីលិខិតអនុញ្ញាតលក់ផ្ទះតាមទូរស័ព្ទដើម្បីសម្រួលការលក់ផ្ទះ

0

ដោយៈ សុខុម

ឌូបៃ: ជាធម្មតា វិនិយោគិនអចលនទ្រព្យនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត ត្រូវទៅការិយាល័យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដោយផ្ទាល់ ដើម្បីដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត (NOC) សម្រាប់ការលក់ផ្ទះរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Khaleej Times ចុះផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

ប៉ុន្តែពេលនេះកាន់តែមានភាពងាយស្រួលជាងមុន ដោយពួកគេអាចស្នើសុំលិខិតអនុញ្ញាត (NOC) ដើម្បីលក់ផ្ទះរបស់ខ្លួនបានយ៉ាងងាយស្រួលតាមកម្មវិធី (App) ទូរស័ព្ទ។

មន្ទីរដែនដីក្រុងឌូបៃ (DLD) បានប្រកាសថា វិនិយោគិនដែលចង់លក់អចលនទ្រព្យរបស់ខ្លួនអាចដាក់ពាក្យសុំលិខិតអនុញ្ញាតអេឡិចត្រូនិក (eNOC) តាមរយៈកម្មវិធីទូរស័ព្ទដែលមានឈ្មោះថា Dubai REST។ App នេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុងឌូបៃ ដើម្បីធ្វើប្រតិបត្តិការលក់ ដោយមិនចាំបាច់មានលិខិតស្នាមជាក្រដាសនៅត្រឹមដំណាច់ឆ្នាំនេះ។

មន្ទីរដែនដីក្រុងឌូបៃ បានលើកឡើងថា “ជាផ្នែកមួយនៃការបន្តដំណើររបស់មន្ទីរដែនដីក្រុងឌូបៃ ឆ្ពោះទៅកាន់ការធ្វើឌីជីថលនីយកម្មសេវាកម្មរបស់ខ្លួនស្របទៅនឹងយុទ្ធសាស្រ្តគ្មានក្រដាសរបស់ក្រុងឌុយបៃ (Dubai Paperless Strategy) ដើម្បីពង្រឹងឋានៈក្រុងឌូបៃ ជាគោលដៅអចលនទ្រព្យល្អដាច់គេលើពិភពលោកជាមួយនវានុវត្តន៍ថ្មី ការជឿទុកចិត្ត និងសុភមង្គល មន្ទីរដែនដីក្រុងឌូបៃ បានចាប់ផ្តើមដំណើរការលិខិតអនុញ្ញាតអេឡិចត្រូនិក (eNOC) តាមរយៈ App ទូរស័ព្ទ Dubai REST ដែលមិនតម្រូវឱ្យអ្នកលក់អចលនទ្រព្យទៅដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត (NOC) ដល់ការិយាល័យរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដោយផ្ទាល់”។

ការបង្កើនការធ្វើឌីជីថលនីយកម្មសេវាកម្មដោយមន្ទីរដែនដីក្រុឌូបៃ និងសុទិដ្ឋិនិយមល្អប្រសើរជាងមុនចំពោះទីផ្សារអចលនទ្រព្យក្នុងស្រុក បានជំរុញឱ្យការលក់អចលនទ្រព្យកើនឡើងខ្ពស់រយៈពេល១១ឆ្នាំនៅត្រីមាសទី១ ដើមឆ្នាំ២០២១។

យោងតាមក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ ValuStrat ឱ្យដឹងថា ក្រុងឌូបៃ បានកត់ត្រាការលក់ផ្ទះសង់រួចស្រេចជាង៦.០០០ខ្នង ដែលមានតម្លៃសរុបប្រមាណ៣,៦៧ពាន់លានដុល្លារអាមេរិក និងផ្ទះមិនទាន់សង់រួចចំនួន៣.៦០០ខ្នង ដែលមានតម្លៃសរុបប្រមាណ១,៣៦ពាន់លានដុល្លារអាមេរិក។

មន្ទីរដែនដីក្រុងឌូបៃ បានបន្ថែមថា “នវានុវត្តន៍ថ្មីនៃបច្ចេកវិទ្យានេះគឺស្របទៅនឹងបេសកកម្មរបស់មន្ទីរដែនដីក្រុងឌូបៃ ដើម្បីធានាថា សេវាកម្មនានាត្រូវបានអភិវឌ្ឍ និងកែលម្អឱ្យកាន់តែប្រសើរឡើងដើម្បីធ្វើឱ្យអតិថិជនសប្បាយចិត្ត និងទទួលបានផាសុកភាព ព្រមទាំងបង្កើតបរិយាកាសទីផ្សារអចលនទ្រព្យប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយនិរន្តរភាពដែលនឹងលើកកម្ពស់ក្រុងឌូបៃ ជាទីក្រុងដ៏រីករាយបំផុតរបស់ពិភពលោកតាមរយៈសេវាកម្មបំពាក់បច្ចេកវិទ្យាឆ្លាតវៃ មនុស្សប្រកបដោយជំនាញវិជ្ជាជីវៈ និងសម្បូរធនធានហិរញ្ញវត្ថុ និងច្បាប់អចលនទ្រព្យប្រកបដោយបរិយាបន្ន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here