ដំណឹងល្អ! ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីសម្រេចបាន៤២ភាគរយហើយ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ធំៗរបស់រដ្ឋាភិបាល និងវិស័យឯកជននៅតែបន្តទៅមុខជាលំដាប់ បើទោះបីជាកម្ពុជាបានជួបវិបត្តិនឹងជំងឺកូវីដ១៩ក្ដី ជាក់ស្ដែងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប រហូតមកដល់ពេលនេះសម្រេចបាន៤២ភាគរយហើយ។

លោកស៊ីន ចាន់សេរីវុត្ថាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប រហូតមកដល់ពេលនេះសម្រេចបាន៤២ភាគរយ ហើយនឹងបញ្ចប់ទៅតាមពេលវេលាកំណត់នៅឆ្នាំ២០២៣ ទោះបីជាពេលនេះមានការរំខានពីការវិបត្តិជំងឺកូវីដ១៩ក៏ដោយ។

លោកបានថ្លែងបន្តថា តាមរយៈការសិក្សាព្រលានយន្តហោះអន្តរជាតិថ្មីនេះអាចទទួលអ្នកដំណើរបាន១០លាននាក់ ក្នុងឆ្នាំ២០៣០ និង២០លាននាក់ត្រឹមឆ្នាំ២០៥។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុន អាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings, Ltd របស់ចិន ក្នុងតម្លៃទុនវិនិយោគ ៨៨០លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ហិកតា នៅស្រុកសូទ្រនិគម ជាយក្រុងសៀមរាប។

គម្រោងនេះនឹងត្រូវបានសាងសង់៣ដំណាក់កាល ហើយចាប់ផ្តើមដំណើរការសាងសង់នៅខែមីនា ឆ្នាំ ២០២០ នឹងចំណាយពេល ៣៦ខែក្នុងការសាងសង់ ដែលគ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២៣។

ក្រុមហ៊ុននឹងវិនិយោគជាង៥០០លានដុល្លារ សម្រាប់ដំណាក់កាលទី ១ និង ២ ដែលនឹងអាចឱ្យយន្តហោះដឹកអ្នកដំណើរទំហំមធ្យម និងចម្ងាយឆ្ងាយដូចជាយន្តហោះ Boeing 737 និងយន្តហោះ Airbus A320 ចុះចតបាន។

ទឹកប្រាក់៣០០លានដុល្លារផ្សេងទៀតនឹងត្រូវបម្រុងទុកសម្រាប់ដំណាក់កាលទី៣។ ក្រៅពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប កម្ពុជាក៏កំពុងសម្រុកសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្ត

កណ្ដាល យ៉ាងមមាញឹកផងដែរ ដើម្បីឱ្យបញ្ចប់តាមការគ្រោងទុករបស់ផែនការ និងត្រៀមទទួលអ្នកដំណើរឆ្លងកាត់និងចុះចតនៅក្នុងប្រទេសកម្ពុជា។

ក្រៅពីនោះ ព្រលានយន្តហោះអន្តរជាតិតារាសាគរក្នុងទឹកដីខេត្តកោះកុងក៏បានបង្ហាញរូបរាងនិងត្រៀមបើកដំណើរសាកល្បងនៅពេលឆាប់ៗនេះ ដែលបញ្ជាកឱ្យច្បាស់ពីសក្ដានុពលរបស់កម្ពុជាក្នុងវិស័យអាកាសចរណ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here