ដោយៈ ប៊ី
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ប្រកាសថាបានបញ្ចប់បានគម្រោងសិក្សាសាងសង់រថភ្លើង Monorailនិងរថភ្លើងក្រោមដី(Subway) ដើម្បីត្រៀមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសបែបនេះកាលពីម្សិលមិញ ក្នុងការជួបសម្តែងការគួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បីគោរពរាយការណ៍ជូន អំពី សមិទ្ធផលការងារសម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំក្រសួង។
-->

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសមិទ្ធផលការងាររបស់ក្រសួងថា ក្រសួងបានសហការជាមួយទីភ្នាក់ងារ JICAដើម្បីបង្កើតគម្រោងកំពង់ផែPort EDI គម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ១៤,៥ម៉ែត្រ ត្រៀមនឹងបញ្ចប់ឆ្នាំ២០២៥ គម្រោងពង្រីកកំពង់ផែស្វ័យតក្រុងភ្នំពេញ គម្រោងអភិវឌ្ឍន៍កំពង់ផែទេស ចរណ៍នៅកំពត បានរៀបចំយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនតាមផ្លូវដែក និងបានពិភាក្សាជាមួយភាគី វៀតណាមដើម្បីតភ្ជាប់ផ្លូវដែកពីហូជីមិញមកបាវិត-ម៉ុកបៃ។
លោកបានថ្លែងបន្តថា បានបញ្ចប់គម្រោងសិក្សាសាងសង់រថភ្លើង Monorailនិងរថភ្លើងក្រោមដី(Subway) ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ បានបញ្ចប់ផែនការមេភស្តុភារកម្មដើម្បីទាក់ទាញវិនិយោគិននិងដើម្បីប្រែក្លាយកម្ពុជាជាកន្លែងស្តុក ទំនិញឆ្លងកាត់ និងជាតំបន់ចែកចាយទំនិញនៅក្នុងតំបន់ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនYCH របស់ប្រទេសសឹង្ហបុរីដើម្បីបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងបានបង្កើតផែនការមេសម្រាប់គ្រប់ គ្រងទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងសុខមាលភាពសាធារណៈផងដែរ។

គម្រោងរថភ្លើង Monorail និងរថភ្លើងក្រោមដី ក្រុមហ៊ុនចិនជាអ្នកសិក្សា ហើយគម្រោងនេះអាចនឹងប្រើប្រាស់ថវិកាប្រមាណ ចន្លោះពី១ពាន់លានដុល្លារ ទៅ១,៤ពាន់លានដុល្លារ៕