សារមន្ទីរដ៏ប្រណីតមួយនឹងត្រូវសាងសង់សម្រាប់តម្កល់ឯកសារនានាពាក់ព័ន្ធនឹងដំណើរចេញតស៊ូរបស់សម្តេចតេជោ

0

ដោយៈ ប៊ី

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ នឹងអញ្ជើញអធិបតីភាព ក្នុងការបញ្ចុះឋមសិលាសាងសង់សារមន្ទីរដ៏ប្រណីតមួយ ដើម្បីតម្កល់ឯកសារនានា ពាក់ព័ន្ធនឹងដំណើរចេញតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន។

សារមន្ទីរដ៏ប្រណីត ដែលមានឈ្មោះថា “សារមន្ទីរកោះថ្ម” នេះ នឹងត្រូវសាងសង់ឡើងនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីតម្កល់ឯកសារនានា ពាក់ព័ន្ធនឹងដំណើរចេញតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

សារមន្ទីរកោះថ្ម ត្រូវបានសាងសង់ឡើងក្រោមរចនាបថខ្មែរដែលមានក្បូរក្បាចគួរឱ្យទាក់ទាញ។ ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាអតីតទីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាកន្លែងមូលដ្ឋានដែលសម្តេចតេជោ ហ៊ុន សែន បានឈរជើងផងដែរ។

ទីតាំងនេះហើយជាចំណុចចាប់ផ្តើមដែលសម្តេចតេជោ ហ៊ុន សែន បានភាសខ្លួនចូលទៅប្រទេសវៀតណាមស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយឈានទៅការវាយផ្តួលរំលំដោយជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

សារមន្ទីរកោះថ្មនឹងក្លាយជាកន្លែងដែលតម្កល់នូវឯកសារ និងប្រវត្តិរឿងរ៉ាវពាក់ព័ន្ធប្រវត្តិតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here