ដំណឹងល្អៈរដ្ឋាភិបាលនឹងសិក្សាលទ្ឋភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដដល់កុមារ នាពេលខាងមុខ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានមានប្រសាសន៍ថា កម្ពុជានឹងសិក្សាក្នុងជំហានទី២ លើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅលើកុមារតូចៗចាប់ពី អាយុ៣ឆ្នាំដល់១៧ឆ្នាំនាពេលខាងមុខនេះ។

លោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពេលចុះទទួលវ៉ាក់សាំងចំនួន ១ លានដូសរបស់ក្រុមហ៊ុនស៊ីណូវ៉ាក់កាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនស៊ីណូវ៉ាក់ មានលទ្ធភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅលើកូនក្មេង ដែលមានអាយុចាប់ពី៣ ឆ្នាំដល់១៧ឆ្នាំ។ លោកស្រីបន្តថា ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាក្នុងដំណាក់កាលនេះ ត្រូវធ្វើយ៉ាងណាចាក់ឱ្យគ្រប់ផែនការ សម្រាប់មនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅសិន។

លោកស្រីបន្តថា “យើងត្រូវធ្វើយ៉ាងណា ចាក់ឱ្យបានគ្រប់នៃផែនការរបស់រាជរដ្ឋាភិបាលសិន ហើយចំពោះស៊ីណូវ៉ាក់ដែលអាចមានលទ្ធភាពចាក់ឱ្យកូនក្មេង យើងនឹងធ្វើការជាមួយនឹងក្រុមហ៊ុនស៊ីណូវ៉ាក់”។លោកស្រីបន្តថា “គណៈកម្មការលទ្ធកម្មកំពុងធ្វើការយ៉ាងសកម្មជាមួយនឹងគណៈកម្មការបច្ចេកទេស ដើម្បីពិនិត្យពិចារណាថាតើជំហានទី២ នៃផែនការយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងនេះ នឹងត្រូវចាក់ទៅលើកូនក្មេងពីអាយុប៉ុន្មានដល់ប៉ុន្មាន ហើយក៏ត្រូវគិតពីប្រសិទ្ធភាពរបស់វ៉ាក់សាំងសម្រាប់កូនក្មេងនេះដែរ”។

ជាមួយគ្នានេះ លោកស្រី លី អៃឡែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា (WHO) ក៏បានលើកឡើងផងដែរថា WHO កំពុងតែធ្វើការប្រមូលនូវការសិក្សានានា ដែលពាក់ព័ន្ធទៅលើការចាក់វ៉ាក់សាំងនេះ ទៅដល់ក្រុមកុមារគឺក្រុមដែលមានអាយុក្រោម១៨ឆ្នាំ។

លោកស្រីបានបន្តថា “នៅពេលដែលមានការវិភាគបានត្រឹមត្រូវរួចហើយ ប្រហែលនៅពេលខាងមុខនេះ អាចនឹងមានការប្រែប្រួលទៅលើអនុសាសន៍ របស់អង្គការសុខភាពពិភពលោក”។ លោកស្រីបន្តថា “ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏អង្គការសុខភាពពិភពលោក នៅតែទទូចផ្តល់អនុសាសន៍ទៅដល់ក្រុម ដែលងាយរងគ្រោះ គឺក្រុមគ្រូពេទ្យជួរមុខ ក្រុមមានវ័យចំណាស់ និងក្រុមផ្សេងៗដែលងាយរងគ្រោះដោយសារជំងឺកូវីដ ១៩”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here