រដ្ឋសភាកម្ពុជាគាំទ្រនិងអនុម័តទាំងស្រុងលើសេចក្ដីព្រៀងច្បាប់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតលើពិភពលោក

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សេចក្តីព្រៀងច្បាប់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ហៅកាត់ថា RCEP ដែលជាកិច្ចព្រមពាជ្ជកម្មធំបំផុតលើពិភពលោក បានធ្លាក់ដល់ដៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីពិនិត្យនិងអនុម័តសម្រាប់ការដាក់ឱ្យប្រើប្រាស់នៅពេលខាងមុខឆាប់ៗនេះ។

នៅព្រឹកថ្ងៃទី២១ មិថុនា ២០២១នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិក៏បានចូលរួមក្នុងការការពារសេចក្ដីព្រាងច្បាប់នេះជាមួយគណៈកម្មការជំនាញរដ្ឋសភាផងដែរ។ អង្គប្រជុំបានសម្រេចគាំទ្រនិងអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ និងត្រៀមដាក់ចូលជាធរមាននៅពេលបន្ទាប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មក្រោយការប្រជុំជាមួយរដ្ឋសភាបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់នេះ នឹងជំរុញឱ្យរួចរាល់នៅក្នុងឆ្នាំ២០២១នេះ នឹងត្រៀមចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំនេះ បានស្វែងយល់ពីភាពចាំបាច់នៃកិច្ចព្រមព្រៀងអាសិប ដែលនឹងបង្កើតនូវក្របខណ្ឌភាពជាដៃគូ ដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ ព្រមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក។

កិច្ចព្រមព្រៀងនេះនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នេះ ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលផ្អែកលើកុងសង់ស៊ីសសម្រាប់ ការធ្វើសេចក្តីសម្រេចចិត្ត និងត្រូវបានដាក់ឱ្យចាប់ផ្តើមជាផ្លូវការ ដោយថ្នាក់ដឹកនាំអាស៊ាន និងដៃគូពាណិជ្ជកម្មសេរីអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ ដែលព្រះរាជាណាចក្រកម្ពុជាជាប្រធានអាស៊ាន។

កិច្ចព្រមព្រៀងអាសិបនេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីអាសិប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុង ឱកាសនៃកិច្ចប្រជុំកំពូលអាសិបលើកទី៤។ កិច្ចព្រមព្រៀងអាសិប បង្កើតបានទីផ្សារចំនួន ២,២ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ២៦,២ទ្រីលានដុល្លាអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។

ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងអាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន៧,៣% វិនិយោគចំនួន២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here