ដោយៈ ប៊ី
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានលើកឡើងថា កម្ពុជាបាននិងកំពុងចូលរួមចំណែកច្រើន ក្នុងការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដូចជាវារីអគ្គិសនីសនី ប្រភពថាមពលដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស់ជាដើម។
លោកស៊ុយ សែមរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានថ្លែងដូច្នេះ តាមប្រព័ន្ធវីដែអូ ក្នុងវេទិកាបណ្តាញបច្ចេកវិទ្យានៃការប្រើប្រាស់ និងការស្តុកទុកកាបូននៅអាស៊ី លើកទី១ (1st Asia CCUS Network Forum) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
-->

លោកបានថ្លែងថា “ការកាត់បន្ថយឧស្ម័នកាបូននៅក្នុងតំបន់នេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាផ្នែកមួយនៃមាគ៌ាដោយចីរភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជានៅតែបន្តពឹងផ្អែកប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដើម្បីរក្សាសន្តិសុខថាមពល និងកំណើនសេដ្ឋកិច្ចរបស់ខ្លួនផងដែរ”។
ក្នុងន័យនេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា វេទិកាថ្ងៃនេះ ជាឱកាសមាសសម្រាប់ចែករម្លែកចំណេះដឹង និងបទ ពិសោធន៍ស្តីពីបច្ចេកវិទ្យា នៃការចាប់យកប្រើប្រាស់និងស្តុកកាបូនទុកដែលមានទស្សនៈវិស័យប្រើប្រាស់កាបូន និងស្តុកទុកកាបូននៅក្នុងឧស្ម័នដែលភាយចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ជាពិសេសក្នុងវិស័យថាមពល។
ឆ្នាំ២០២០ ប្រភពផ្គត់ផ្គង់ថាមពលបឋមរបស់កម្ពុជាមាន៦០% បានមកពីការឥន្ធនៈហ្វូស៊ីល ក្នុងនោះមានធ្យូងថ្ម និងប្រេង និង៤០%ទៀត បានមកពីប្រភពកកើតឡើងវិញ រួមមានវារីអគ្គិសនី ប្រភពថាមពលដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស់។

ដូចនេះ បើយោងតាមស្ថិតិបច្ចុប្បន្ន ប្រទេសកម្ពុជា បានរួមចំណែកយ៉ាងច្រើនរួចទៅហើយក្នុងការបញ្ចូលចំណែក មួយដ៏ធំ នៃប្រភពកកើតឡើងវិញ ទៅក្នុងប្រភពផ្គត់ផ្គង់បឋម និងទៅក្នុងល្បាយនៃប្រភពថាមពល។
ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជា នៅតែយល់ឃើញថា ប្រភពថាមពលរបស់កម្ពុជា នៅតែបន្តពឹងផ្អែកលើការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនាពេលអនាគត។ ដូច្នេះវាជាសេចក្តីត្រូវការ ដែលត្រូវតែធានាថា ឥន្ធនៈហ្វូស៊ីល ដូចជាធ្យូងថ្ម ប្រេងនិងឧស្ម័នធម្មជាតិជាដើមត្រូវបានប្រើប្រាស់តាមរបៀបបច្ចេកវិទ្យាមួយដែលស្អាតជាងមុន៕