រដ្ឋាភិបាលនឹងចាប់ផ្តើមស្តារនិងស្ថាបនាផ្លូវជាតិលេខ៤១និងផ្លូវសំខាន់ៗចំនួន២ ខ្សែទៀតនៅឆ្នាំ២០២២

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលនឹងចាប់ផ្តើមស្តារ និងស្ថាបនាផ្លូវជាតិសំខាន់ៗចំនួន៣ ក្នុងនោះមានផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ពីបែកគុស កាត់តាមកំពង់ត្រាច ទៅដល់ខេត្តកែប នឹងបើកការដ្ឋានស្តារ ពង្រីក និងលើកកម្រិតគុណភាពពីកៅស៊ូ DBST ទៅជាកៅស៊ូ AC នៅឆ្នាំ២០២២ខាងមុខនេះ ខណៈផ្លូវជាតិលេខ៤១ ក៏នឹងបើកការដ្ឋានស្តារដូចគ្នា។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងដូចនេះ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសដែលលោក និងលោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូចំរុះចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន សាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងនៅតែបន្តកសាង និងពង្រីកផ្លូវឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ចូលរួមកាត់បន្ថយនូវការចំណាយច្រើនក្នុងការដឹកជញ្ជូនទំនិញ និងបង្កើនឱកាសក្នុងការដឹកជញ្ជូនទំនិញឱ្យកាន់តែបានឆាប់រហ័ស។

លោកបានបន្ថែមថា “រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងណាស់ ដើម្បីរកថវិកាមកក៏សាងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ”។លោកបន្តថា “ដូចនេះហើយសូមកុំបំផ្លាញផ្លូវដោយតែការដឹកលើសទម្ងន់កំណត់ ដោយសារតែចង់បានប្រាក់ចំណេញ ហួសប្រមាណ”។

លោកបន្តថា បើយើងចេះគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គឺដូចជាការជួយដល់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យ ប្រទេសជាតិកាន់តែរីកចម្រើនឡើងផងដែរ។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានបន្ថែមថា ក្រុមការងាររបស់ក្រសួង តែងតែធ្វើសកម្មភាពចុះឆ្មក់ចាប់រថយន្តដឹកទំនិញនៅតាមផ្លូវធំ ដើម្បីធ្វើការផាកពិន័យ និងឃាត់ទុក ដោយគិតមកដល់ពេលនេះ បានចាប់រថយន្តទុកមួយឆ្នាំ មិនឱ្យបើកបរបានជាង១០០គ្រឿងហើយ ដោយមិនគិតថា ជាឡានរបស់អ្នកណា អ្នកមានខ្នងធំ យ៉ាងណានោះ គឺមិនអាចអន្តរាគមន៍ដោះលែងបាននោះទេ ព្រោះថាឡានអ្នកក្រ ឡានអ្នកមាន គឺសុទ្ធតែធ្វើឱ្យខូចផ្លូវដូចគ្នា ដូចនេះហើយគឺត្រូវតែគោរពច្បាប់ទាំងអស់គ្នា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here