ដោយៈ ប៊ី
ភ្នំពេញៈ ស្អែកនេះទី២៦ ខែមិថុនា ឆ្នាំ២០២១ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លានដូសទៀត នឹងដឹកពីចិន មកដល់ប្រទេសកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោកស្រីយក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាលនៅថ្ងៃទី២៦ ខែមិថុនា។
កម្ពុជា ក្នុងខែមិថុនា ឆ្នាំ២០២១នេះ ទទួលបានវ៉ាក់សាំងពីចិនរហូតដល់ទៅ៣លានដូស បូករួមទាំងវ៉ាក់សាំង២លានដូស ដែលនឹងមកដល់នៅក្នុងសប្តាហ៍នេះ។
-->
លោកស្រីយក់ សម្បត្តិក៏បានឱ្យដឹងថា នៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។

វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក។
គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៩លានដូសរួចហើយ។ តាមរយៈវត្តមានវ៉ាក់សាំងទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងពន្លឿនលើការងារចាក់វ៉ាក់សាំងវ៉ាក់សាំងផងដែរ។

ក្រៅតែពីរាជធានីភ្នំពេញ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រីកការចាក់វ៉ាក់សាំងទៅកាន់ខេត្តកណ្តាល ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវផងដែរ។
គិតពីថ្ងៃទី១០ ខែកុម្ភៈ ដល់ត្រឹមថ្ងៃទី២៤ ខែមិថុនា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣.៧លាននាក់ហើយ៕