តើសណ្ឋាគារប្រណីតលំដាប់ខ្ពស់បំផុតលើពិភពលោកដែលមានសេវាអ្នកបម្រើផ្ទាល់ខ្លួន២៤ម៉ោង មានតម្លៃប៉ុន្មានក្នុង១យប់?

0

ដោយៈ សុខុម

ក្រុងស៊ាងហៃៈ សណ្ឋាគារប្រណីតលំដាប់ខ្ពស់បំផុតលើពិភពលោក J Hotel ដែលផ្ដល់សេវាអ្នកបម្រើផ្ទាល់ខ្លួន២៤ម៉ោងលើ២៤ម៉ោង បានបើកដំណើរការហើយនៅក្រុងសៀងហៃ ប្រទេសចិន ដើម្បីស្វាគមន៍ភ្ញៀវដែលមានលុយច្រើន និងដែលចូលចិត្តិទីខ្ពស់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី២៥ មិថុនា នេះ។

សណ្ឋាគារនេះមានទីតាំងស្ថិតនៅជាន់ចាប់ពីជាន់ទី១២០ ដល់ជាន់ទី១២៨ ដែលជាជាន់កំពូលនៃអគារកប់ពពក Shanghai Tower កម្ពស់៦៣២ជាន់ក្នុងសង្កាត់ហិរញ្ញវត្ថុនៃក្រុងនេះ។ Shanghai Tower គឺជាអគារខ្ពស់បំផុតទី២ ក្នុងពិភពលោក បន្ទាប់ពីអគារកប់ពពលក Burj Khalifa ក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត។

ការបើកសម្ពោធសណ្ឋាគារនេះត្រូវបានពន្យារពេលដោយសារវិបត្តិកូវីដ-១៩ ប៉ុន្តែពេលនេះបានចាប់ផ្ដើមទទួលស្វាគមន៍ភ្ញៀវគ្រប់ពេល មិនថាថ្ងៃ ឬយប់។

ភ្ញៀវដែលមកសម្រាកនៅទីនេះពិតជាទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ ធាថាពេញចិត្តគ្មានកន្លែងទាស់ ព្រោះនៅក្នុងសណ្ឋាគារនេះមានភោជនីយដ្ឋានដល់ទៅ៧ បារ ស្ប៉ា និងអាងហែលទឹកនៅជាន់ទី៨៤។

ទោះជាយ៉ាងណា ដោយសារវាជាសណ្ឋាគារប្រណីតលំដាប់ខ្ពស់បំផុតលើពិភពលោក តម្លៃប្រាកដជាខ្ពស់មិនធម្មតាឡើយ។ ដើម្បីអបអរសាទរការបើកសម្ពោធរបស់ខ្លួន សណ្ឋាគារ J Hotel ផ្តល់ជូន “តម្លៃពិសេស” ត្រឹមតែ៤៨០ដុល្លារអាមេរិក ប៉ុណ្ណោះក្នុងមួយយប់សម្រាប់បន្ទប់ធម្មតា ប៉ុន្តែសម្រាប់បន្ទប់ពិសេសប្រភេទស្វីត (Suite) ទាំង៣៤បន្ទប់នៃសណ្ឋាគារនេះមានតម្លៃកប់ខ្លាំងគួរឱ្យភ្ញាក់ផ្អើល។

បន្ទប់ J Suite ដែលមានបំពាក់ចង្កៀងចងព្យួរពីពិតានប្រភេទគ្រីស្តាល់ធំៗស្អាតប្លែកអស្ចារ្យ និងសូណា មានតម្លៃដល់ទៅ១០.៣៨០ដុល្លារអាមេរិក ឯណោះសម្រាប់ការសម្រាកមួយយប់ បើផុតពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះទៅ។ សណ្ឋាគារគឺជាផ្នែកមួយនៃសណ្ឋាគារ Jin Jiang International Hotels។

លោកស្រី Renee Wu នាយកផ្នែកលក់ និងទីផ្សារនៃសណ្ឋាគារនេះបានលើកឡើងថា “នៅថ្ងៃបើកសម្ពោធរបស់យើង សូម្បី Web Page របស់យើងក៏មានអ្នកចូលមើលយ៉ាងច្រើនមែនទែន ដោយពួកគេបានបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងចង់មកទទួលយកបទពិសោធន៍នៅសណ្ឋាគាររបស់យើង”។

លោកស្រីបានបន្ថែមទៀតថា “ពិតណាស់ នេះជាការឱ្យកម្លាំងចិត្តខ្លាំងមែនទែនសម្រាប់ពួកយើងទាំងអស់គ្នា ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ប្តេជ្ញាធ្វើយ៉ាងណាយកចិត្តទុកដាក់បម្រើភ្ញៀវទាំងអស់ឱ្យបានល្អបំផុត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here