ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើប្រជុំលើកទី២របស់គណៈកម្មាធិការជាតិភស្តុភារកម្ម បញ្ចូលគម្រោងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ និងគម្រោងសាងសង់ផ្លូវមួយចំនួន ទៅក្នុងសេចក្តីព្រាង ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ។
ការស្នើនេះត្រូវបានធ្វើឡើងដោយ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលក្នុងប្រជុំលើកទី២របស់គណៈកម្មាធិការជាតិ ភស្តុភារកម្ម ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។
-->

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រីបានស្នើឱ្យអង្គប្រជុំពិនិត្យបញ្ចូលគម្រោងសាងសង់តភ្ជាប់ ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ និងគម្រោងសាងសង់ផ្លូវមួយចំនួនរួមមាន៖ គម្រោងសាងសង់ផ្លូវបាត់ ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវលេខ៥៧ គម្រោងសាងសង់ផ្លូវលេខ៥០សេ ទៅក្នុងសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងបានណែនាំឱ្យក្រុមការងារពិនិត្យ និងរៀបចំផែនការសាងសង់ផ្លូវ៥ឆ្នាំរំកិល ដើម្បីយកមកបញ្ចូលក្នុងសេចក្តីព្រាងផែនការមេនេះផងដែរ។

ជាមួយគ្នានេះដែរ កាលពីខែមីនា ឆ្នាំ២០២១កន្លងទៅ កម្ពុជា ឡាវ និងវៀតណាម (CLV) បានឯកភាពពន្លឿនការអនុវត្តផែនកា រការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ២០៣០ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងគៀងគរធានធនពីដៃគូរអភិវឌ្ឍន៍ ដើម្បីស្ថាបនាផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ ផ្លូវរថភ្លើងរៀងចន្ទន៍-វង្សអាន និងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ។

ការឯកភាពនេះរវាងប្រទេសទាងបី ត្រូវបានឡើង ក្នុងពិភាក្សាតាមប្រព័ន្ធវីដេអូអំពី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងពហុភាគី រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកថងលូន ស៊ីសុលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងលោកង្វៀន សួនហ្វ៊ុកនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្តីព្រាងផែនការមេស្តីពី៖ ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និង ភស្តុភារកម្ម រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន(JICA) ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ និង ទទួលបានការអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី០៦ខែមករាឆ្នាំ២០២០ ដោយក្រុមប្រឹក្សាជាតិភស្តុភារកម្ម៕